(មូស្គូ)៖ ប្រទេសរុស្ស៊ីបានដាក់ឱសាទវាទឲ្យពួកឧទ្ទាមស៊ីរី ចាកចេញពីទីក្រុងអាឡេប៉ូជាបន្ទាន់នៅល្ងាច ថ្ងៃសុក្រសប្តាហ៍នេះ បើមិនចង់ទទួលរងការទម្លាក់គ្រាប់បែកបន្តទៀត ដោយរុស្ស៊ីនឹងយល់ព្រមបន្ថែម ពេលវេលាទៅលើការផ្អាកការវាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅក្នុងទីក្រុងមួយនេះ។ នេះបើតាម ការចេញដោយ Reuters ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី ដែលកំពុងជួយកងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីនៃប្រទេសស៊ីរី លោក Bashar al-Assad ក្នុងការវាយកាន់កាប់ទីក្រុងអាឡេប៉ូ មកវិញនោះបាននិយាយថា ពួកឧទ្ទាមប្រឆាំង រដ្ឋាភិបាលទាំងអស់នឹងទទួលបានការអនុញ្ញាត ឲ្យចាកចេញពីទីក្រុងជាមួយនឹងអាវុធរបស់ពួកគេដោយគ្មាន ការគំរាមកំហែងណាមួយឡើយ នៅចន្លោះម៉ោង ០៩៖០០នាទីព្រឹក ដល់ម៉ោង ០៧៖០០នាទីយប់ថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ខាងមុខនេះតាមច្រកផ្លូវពិសេសចំនួនពីរ ខណៈប្រជាជនស៊ីវិលរួមទាំងអ្នកដែឈឺថ្កាត់ និងរងរបួសនឹងត្រូវបានអនុញ្ញាតឲ្យចាកចេញតាមច្រកចំនួន ០៦ផ្សេងទៀត។

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យផ្អាកការប្រយុទ្ធគ្នាជាបណ្តោះដើម្បីការពារកុំឲ្យ ជនស្លូតត្រង់ទទួលរងគ្រោះនៅក្នុងសង្រ្គាមដ៏អូសបន្លាយនេះតទៅទៀត ហើយអាជ្ញាធរប្រទេសស៊ិរីបានធានា ថាកងកម្លាំងរបស់ខ្លួននឹងត្រូវដកចេញពីច្រកផ្លូវទាំងពីរ ដែលទុកសម្រាប់ឲ្យពួកឧទ្ទាមចាកចេញពីទីក្រុង។

រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីបានធ្វើការបញ្ជាក់ជាចុងក្រោយថា «ការព្យាយាមទាំងប៉ុន្មានរបស់ពួកឧទ្ទាម ដើម្បីបំបែកចេញពីទីក្រុងអាឡេប៉ូបានបរាជ័យទាំងអស់ ហើយពួកគេបានបាត់កម្លាំងជាច្រើនដោយ គិតទាំងមនុស្ស, អាវុធ, និងសម្ភារៈផ្សេងៗទៀត ដូច្នេះពួកគេគ្មានសង្ឃឹមថានឹងអាចចាកចេញពីទីក្រុង ដោយការប្រយុទ្ធគ្នានោះឡើយ»

ជាមួយគ្នានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងនៃប្រទេសរុស្ស៊ីបានលើកឡើងថា ប្រសិនបើពួកឧទ្ទាមនៅតែ រឹងទទឹងមិនព្រមបញ្ឈប់ការវាយប្រហាររបស់គេ ហើយចាកចេញពីទីក្រុងអាឡេប៉ូទេនោះ ការផ្អាកការវាយប្រហារតាមផ្លូវអាកាស នឹងមិនអាចពន្យាពេលបានតទៀតនោះទេ ហើយពេលនោះ ជោគវាសនារបស់ពួកគេទាំងអស់នឹងមិនដឹងទៅជាយ៉ាងណាឡើយ៕