(មូស្គូ)៖ មេបញ្ជាការកងយោធាភាគខាងកើត លោកឧត្តមសេនីយ៍ឯក Alexander Gordeyev បានឲ្យដឹងនៅ ថ្ងៃពុធនេះថា រុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំង Sukhoi Su-34 ដែលមានសមត្ថភាពក្នុងការទម្លាក់គ្រាប់បែក ដ៏មានអនុភាពចំនួនប៉ុន្មានគ្រឿងបន្ថែមទៀត ទៅកាន់ទីបញ្ជាការដ្ឋានយោធាក្នុងតំបន់ Khabarovsk ដែលស្ថិតនៅភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Gordeyev បានថ្លែងថា «យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែក Su-34 ថ្មីនេះនឹងត្រូវដាក់ឲ្យ ប្រើប្រាស់ក្នុងប្រតិបត្តិការយោធានាឆ្នាំក្រោយ» ប៉ុន្តែលោកឧត្តមសេនីយ៍​មិនបានបញ្ជាក់​ប្រាប់ពីចំនួនយន្តហោះ ដែលត្រូវបានបញ្ជូនពេលនេះឡើយ។

គួរបញ្ជាក់ដែរថាយន្តហោះចម្បាំង Sukhoi Su-34 ដែលអាចទម្លាក់គ្រាប់បែកបាននេះ ត្រូវបានគេរចនាដើម្បី បើកការវាយប្រហារចំពោះគោលដៅនៅលើផ្ទៃដី ក៏ដូចជាផ្ទៃទឹកដោយមាន​ប្រសិទ្ធភាពខ្ពស់បំផុតហើយ លើសពីនេះទៀតយន្តហោះធុននេះក៏មានសមត្ថភាពធ្វើការវាយលុក ទៅលើគោលដៅតូចៗដែលចល័ត នៅលើដីឬហោះហើរលើអាកាសបានទាំងពេលយប់និងពេលថ្ងៃ ទោះបីជាស្ថិតក្រោមអាកាសធាតុ មិនអំណោយផលយ៉ាងណាក៏ដោយ៕