(តួកគី)៖ កងទ័ពតួកគី បានអះអាងនៅថ្ងៃអង្គារនេះថា ខ្លួនបានចាប់ផ្ដើមដាក់ពង្រាយរថក្រោះ​ និងរថពាសដែក ជាច្រើនគ្រឿងនៅក្នុងតំបន់ Silopi​ នៃខេត្ត Sirnak ​ស្ថិតនៅជាប់ព្រំដែនជាមួយនឹងអ៊ីរ៉ាក់​ ខណៈកងទ័ពអ៊ីរ៉ាក់ផ្ទាល់បានចូលទៅក្នុងទីក្រុង​ Mosul​ ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរ កងទ័ពតួកគី មិនបានបញ្ជាក់ឡើយពីហេតុផល នៃការដាក់ពង្រាយយោធានេះ ក៏ប៉ុន្តែប្រធានាធិបតីតួកគីលោក Tayyip Erdogan ធ្លាប់បានថ្លែងកាលថ្ងៃសៅរ៍ ថា ទីក្រុងអង់ការ៉ា មានបំណងពង្រឹងយោធា នៅក្នុងតំបន់ Silopi ហើយថែមបញ្ជាក់ទៀតថា យោធាតួកគី នឹងធ្វើការឆ្លើយតបភា្លមៗប្រឆាំងនឹងកងជីវពល ស៊ីអ៊ីត បើសិនជាពួកគេបង្ករភាពភ័យខ្លាចណាមួយ នៅក្នុងទីក្រុង Tal Afar របស់អ៊ីរ៉ាក់។

សូមជំរាបថា ការបញ្ជូនបរិក្ខាយោធា និងកងទ័ពទៅកាន់តំបន់ព្រំដែន របស់រដ្ឋាភិបាលតួកគី ធ្វើឡើងនៅចំពេលដែល កងទ័ពអ៊ីរ៉ាក់ កំពុងវាយលុកចូលទៅក្នុងទីក្រុង Mosul ដោយសម្រុកចូលទៅដល់តំបន់ភាគខាង លិចដងទន្លេ Tigris ព្រមទំាងវាយដណ្ដើមបានភូមិ និងសង្កាត់ជាច្រើន នៃ​តំបន់ភាគខាងកើតទីក្រុងមួយនេះ ក្នុងនោះរួមមានទំាងស្ថានីយ៍ទូរទស្សន៍មួយផងដែរ៕​