(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសៅរ៍នេះដោយ បានអំពាវនាវឲ្យរដ្ឋាភិបាលហ្វីលីពីន យកចិត្តទុកដាក់បន្ថែមទៀតទៅ​លើការការពារសន្តិសុខជូន ជនបរទេស ខណៈជនជាតិកូរ៉ខាងត្បូង០៥នាក់​ហើយនៅក្នុងឆ្នាំ២០១៦នេះ បានស្លាប់នៅក្នុងការបាញ់ ប្រហារនៅក្នុងប្រទេសដីកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។

សម្រាប់ជនជាតិកូរ៉េខាងត្បូង ដែលទើបត្រូវបានគេបាញ់សម្លាប់ចុងក្រោយគេនេះ គឺជាបុរសម្នាក់ដែល បានបើកបររថយន្តទៅ​កាន់ទីក្រុងតូចមួយ​ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រភាគ​ខាងជើង​ទីក្រុងម៉ានីល ហើយក្រោយពីកើតហេតុរូបលោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Baguio ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែលោកបានបាត់បង់ជីវិតទៅហើយ។ ស្ថានទូតកូរ៉េខាងត្បូង​ប្រចាំទីក្រុងម៉ានីល បានអះអាងថាខ្លួន នឹងធ្វើការតាមដានយ៉ាងលម្អិតលើរឿងនេះ ហើយបានស្នើឲ្យសមត្ថកិច្ចហ្វីលីពីនវែកមុខរកជនដៃដល់ មកកាត់ទោសឲ្យបាន។

គួររំលឹកថា បើតាមភាគីកូរ៉េខាងត្បូង រាប់ទំាងជនរងគ្រោះម្នាក់ខាងលើ ចំនួនពលរដ្ឋកូរ៉េខាងត្បូង ដែលត្រូវបានសម្លាប់នៅ ហ្វីលីពីន ក្នុងឆ្នាំ២០១៦នេះកើនឡើងដល់ ០៥នាក់ បើធៀបទៅនឹង​ឆ្នាំ២០១៥ ជនជាតិកូរ៉េខាងត្បូងសរុប១១នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសនៃ​តំបន់អាស៊ីអាគ្នេយ៍មួយនេះ៕