(មូស្គូ)៖ ប្រធានបណ្ដុះបណ្ដាលផ្នែកប្រយុទ្ធនៃកងទ័ពអាកាសរុស្ស៊ី លោក Oleg Chesnokov បានប្រកាស នៅថ្ងៃសុក្រនេះថា កងទ័ពរុស្ស៊ីនឹងទទួលបានឧទ្ធម្ភាគចក្រធុន Mi-28UB ជាកំណែប្រែចុងក្រោយបំផុត ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធ នៅឆ្នាំ២០១៧ខាងមុខ។ នេះបើយោងតាមការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti លោក Chesnokov សង្កត់ធ្ងន់ថា «បច្ចុប្បន្នឧទ្ធម្ភាគចក្រ ប្រភេទ Mi-28UB ត្រូវបានធ្វើតេស្ដសាកល្បងចប់សព្វគ្រប់អស់ហើយ ព្រមទំាងអាចប្រគល់ឱ្យបណ្ដា អង្គភាពទ័ពអាកាសរុស្ស៊ីនៅឆ្នាំ២០១៧»។ លោក Chesnokov បានបញ្ជាក់ទៀតថា Mi-28UBនឹងត្រូវប្រគល់ ជូនមជ្ឈមណ្ឌលទី៣៤៤ ដើម្បីយកទៅប្រើប្រាស់ និងបណ្ដុះបណ្ដាលកងកម្លំាងទ័ពអាកាសរុស្ស៊ី នៅក្នុងទីក្រុង Torzhok ក៏ដូចជាបណ្ដាកងអង្គភាពទ័ពអាកាសទំាងអស់នៅក្នុងប្រទេស។

គួរបញ្ជាក់ថា Mi-28UB គឺជាប្រភេទឧទ្ធម្ភាគចក្រប្រយុទ្ធជំនាន់ក្រោយមួយ របស់រុស្ស៊ីត្រូវបានរចនាឡើង សម្រាប់ការសិក្សាស្រាវជ្រាវ ឬក៏ប្រើនៅក្នុងសមរភូមិប្រយុទ្ធដូចជាការបំផ្លាញរថក្រោះ ឬរថពាសដែក ជាដើមប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័សបំផុត៕