(ហ្វីលីពីន)៖ អភិបាលក្រុងម្នាក់ និងអង្គរក្សរបស់លោក០៩នាក់ទៀត ត្រូវបានកងកម្លាំងប្រឆាំងគ្រឿងញៀន របស់ប្រទេសហ្វីលីពីនបាញ់សម្លាប់ ដោយចោទថាបានរត់ពន្ធគ្រឿងញៀន អំឡុងពេលដែលប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូធើតេ កំពុងតែប្រើកណ្តាប់ដៃដែកដើម្បីលុបបំបាត់ជំងឺសង្គមដ៏រុំារ៉ៃនេះ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។

លោក Samsudin Dimaukom គឺជាអភិបាលក្រុង Saudi Ampatuan ស្ថិតនៅភាគខាងត្បូងប្រទេស ហ្វីលីពីន ដែលលោកជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងចំណោមមន្ត្រីក្នុងតំបន់ជាង ១៥០រូបផ្សេងទៀតដែលជា មន្ត្រីរដ្ឋាភិបាល មន្ត្រីតុលាការ និងមន្ត្រីប៉ូលិសផងដែរត្រូវបានរដ្ឋាភិបាលលោក ឌូធើត រកឃើញថាបានចូលរួម យ៉ាងសកម្មក្នុងការរត់ពន្ធគ្រឿងញៀន ក្នុងតំបន់ភាគខាងត្បូងប្រទេស។

អ្នកនាំពាក្យទីបញ្ជាការប៉ូលិសតំបន់ខាងលើបានឲ្យដឹងយ៉ាងដូច្នេះថា លោក Dimaukom និងកងអង្គរក្ស របស់លោកបានធ្វើការបាញ់តបតជាមួយនឹងកងកម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀន នៅពេលដែលរថយន្តរបស់ លោកអភិបាលក្រុងរូបនេះ ត្រូវបានប៉ូលិសបញ្ឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យ ដោយសារសង្ស័យថាបានលួចលាក់ គ្រឿងញៀននៅក្នុងរថយន្តនោះ។ បន្ទាប់ពីការបាញ់ប្រយុទ្ធគ្នា ទើបបណ្តាលឲ្យលោកនិងអង្គរក្ស០៩នាក់ទៀត បាត់បង់ជីវិតក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុតែម្តង។

គួរបញ្ជាក់ថាគិតតាមរបាយការណ៍ចុងក្រោយ សង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន ដែលបានចាប់ផ្តើម ចាប់តាំងពីដើមខែកក្កដាមកនោះ បានផ្តាច់ជីវិតមនុស្សសរុបជាង៣,៨០០នាក់ហើយ បើទោះបីជាអំឡុងនៃ យុទ្ធនាការដ៏ក្តៅគគុកនោះ បានទទួលការរិះគន់និងថ្កោលទោសពីសំណាក់ សហរដ្ឋអាមេរិក, អង្គការសហប្រជាជាតិ, អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហភាពអឺរ៉ុប យ៉ាងណាក៏ដោយ៕