(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិន បានចេញផ្សាយទិន្នន័យបង្ហាញថា នៅខែមេសា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ របស់ប្រជាជនទូទាំងប្រទេស (CPI) បានកើនឡើង០,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលអត្រាកំណើន បានកើនឡើង ០,២ភាគរយបើប្រៀបធៀបនឹងខែមីនា។ សមាគមន៍ឧស្សាហកម្មរថយន្តចិន បានចេញផ្សាយទិន្នន័យថ្មីបំផុត ប្រចាំខែនៃមុខរបរនេះថា នៅខែមេសា ការផលិតនិងលក់រថយន្តរបស់ចិន បានកើនឡើងឆាប់បង្គួរ ក្នុងនោះ អនុបាតទីផ្សារ នៃរថយន្តថាមពលថ្មីគឺឡើងដល់៣៦ភាគរយ។ ធនាគារប្រជាជនចិនបានប្រកាសទិន្នន័យថ្មីបំផុតឱ្យដឹងថា ពីខែមករាដល់ខែមេសា ប្រាក់ឥណទាននៃប្រាក់យាន់ចិន បានកើនឡើង១០,១៩ទ្រីលានយាន់ប្រាក់ចិន ។ល។ ក្រៅពីនេះ សមិទ្ធផលថ្មីដែលចិនទទួលបាន ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ការពារអេកូបរិស្ថាននិងថាមពលស្អាតជាដើមបានបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន មានជំនឿចិត្តយ៉ាងខ្លាំង ហើយអនាគតមានភាពល្អប្រសើរជាទូទៅ ។

ចាប់ពីចូលឆ្នាំ២០២៤នេះមក ប្រឈមមុខនឹងការសាកល្បងនៃបរិយាកាសសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ និងភាពមិនប្រាកដប្រជា នៃពេលវេលាដឹកជញ្ជូនទំនិញ ខ្សែរថភ្លើងចិន-អឺរ៉ុប បានបន្តដំណើរការដោយនឹងនរ ដែលបានពង្រឹងមូលដ្ឋាន នៃការតភ្ជាប់តំបន់អឺរ៉ាស៊ី ក៏ដូចជាផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់ការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអឺរ៉ុប និងទូទាំងពិភពលោក។ តាមទិន្នន័យថ្មីបំផុតនៃក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា ពីខែមករាដល់ខែមេសាឆ្នាំនេះ ខ្សែរថភ្លើងចិន-អឺរ៉ុបបានបើកបរសរុបចំនួន ៦១៨៤លើក និងដឹកជញ្ជូនទំនិញចំនួន៦សែន៧ម៉ឺន៥ពាន់ TEU ដែលបានកើនឡើង១០ភាគរយនិង១១ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន អត្រាកំណើនបានបន្តកើនឡើង បើប្រៀបធៀបនឹងត្រីមាសទីមួយ។

ពេលថ្មីៗកន្លងទៅនេះ គ្រឹស្ថានហិរញ្ញវត្ថុទុនបរទេសមួយចំនួន បាននាំគ្នាបន្ថែមគ្រឹស្ថានហិរញ្ញវត្ថុនិងពង្រីកការវិនិយោគ ដើម្បីបន្តពន្លឿនការបង្កើត រចនាសម្ព័ន្ធក្នុងទីផ្សាររបស់ប្រទេសចិន។ នៅខែមេសា ក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលវិនិយោគ ដោយពាណិជ្ជករបរទេសចំនួនទី៩របស់ចិន បានទទួលការអនុញ្ញាតនិងដាក់ឱ្យដំណើរការជាផ្លូវការ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុននេះកំពុងពន្លឿនការអភិវឌ្ឍក្រុមការងារក្នុងស្រុកចិន ដើម្បីត្រៀមលក់ផលិតផលមូលនិធិសាធារណៈទីមួយ។

ក៏នៅខែមេសាដែរ ក្រុមហ៊ុនមូលបត្រក្រុងប៉ារីសរបស់បារាំង បានក្លាយជាក្រុមហ៊ុនមូលបត្រ ដែលវិនិយោគដោយពាណិជ្ជករបរទេស ចំនួនទី៤នៅប្រទេសចិន។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនមូលបត្រដែលគ្រប់គ្រងភាគហ៊ុនដោយទុនបរទេសចំនួន១០ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលវិនិយោគដោយពាណិជ្ជករបរទេសចំនួន៩ និងក្រុមហ៊ុនជួញដូរឧបករណ៍និស្សន្ទដែលគ្រប់គ្រង ភាគហ៊ុនដោយទុនបរទេសចំនួន៣ ទទួលបានការអនុញ្ញាតឱ្យធ្វើអាជីវកម្មនៅប្រទេសចិន។ មន្ត្រីនៃមជ្ឈមណ្ឌលពិនិត្យតាមដាន តម្លៃនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃប្រទេសចិន បានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា បើមើលពីការប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន សេដ្ឋកិច្ចចិនបានមានភាពល្អប្រសើរឡើងវិញ កម្លាំងចលករផ្ទៃក្នុងក៏ត្រូវពង្រឹងជាបន្តបន្ទាប់ដែរ។ ក្នុងទំនិញនិងសេវាកម្មប្រភេទធំ ចំនួន៨ដែលឆ្លុះបញ្ចាំងពីសន្ទស្សន៍ CPI ក្រៅពីតម្លៃគ្រឿងឧបភោគបរិភោគ ស្រានិងបារីបានធ្លាក់ចុះ តម្លៃទំនិញនិងសេវាកម្មប្រភេទចំនួន៧ផ្សេងទៀត សុទ្ធតែបានកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយនិន្នាការស្តារឡើងវិញ នៃតម្រូវការប្រើប្រាស់របស់ប្រជាជន ត្រូវបានពង្រឹងថែមមួយកម្រិតទៀត។

លោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មីបានដកស្រង់ការសិក្សាស្រាវជ្រាវមួយ នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងកិច្ចប្រជុំកំពូលស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគសកលឆ្នាំ២០២៤ថា កំណើនសេដ្ឋកិច្ចរបស់ចិន បានផ្តល់ឥទ្ធិពលវិជ្ជមាន ដល់តំបន់ផ្សេងទៀតនៃពិភពលោក។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើទូទាំងពិភពលោក សេដ្ឋកិច្ចរបស់ចិនបានបំពេញបន្ថែម ភាពនឹងនរដល់សេដ្ឋកិច្ចពិភពលោក ហើយពាក្យសន្យារបស់ចិនចំពោះសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយគឺច្បាស់លាស់។

ទិន្នន័យគ្រប់វិស័យពីខែមករា ដល់ខែមេសា នៃសេដ្ឋកិច្ចប្រទេសចិនបានផ្តល់ជំនឿចិត្តកាន់តែខ្លាំងក្លាដល់ពួកយើង។ ប៉ុន្តែយើង ចាំបាច់ត្រូវឃើញថា បញ្ហាប្រឈមនៃសេដ្ឋកិច្ចចិន គឺមកពីច្រើនវិស័យ ហើយបរិយាកាសខាងក្រៅ ក៏កាន់តែស្មុគ្រស្មាញដែរ។ មិនថារដ្ឋាភិបាលឬក៏សហគ្រាសក្តី សុទ្ធតែត្រូវត្រៀមលក្ខណៈឱ្យបានល្អពេញលេញ គួរតែរក្សាឧត្តមភាពនៅ៤ខែដើមឆ្នាំនេះ បង្កើតនិម្មាបនកម្មថ្មីខាងពាណិជ្ជកម្មជាមួយបរទេស ដើម្បីជំរុញឱ្យសេដ្ឋកិច្ចចិនទទួលការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន