(មូស្គូ)៖ សេចក្តីព្រាងនៃក្រឹត្យមួយរបស់រដ្ឋាភិបាលរុស្ស៉ី បានឱ្យដឹងថា ក្រសួងការពារជាតិស្នើឡើងឱ្យមានការកែសម្រួលឡើងវិញ នូវព្រំដែនទឹករបស់រុស្ស៉ីក្នុងសមុទ្របាល់ទិក ដោយការណ៍នេះបាននាំឱ្យមានការមិនពេញចិត្តពីសំណាក់ហ្វាំងឡង់ ដែលជាសមាជិកអង្គការណាតូ (NATO)។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ ២០២៤។

ក្នុងសេចក្តីព្រាងនៃក្រឹត្យចុះថ្ងៃទី២១ ខែឧសភា ក្រសួងការពារជាតិរុស្ស៉ី ស្នើឱ្យកែសម្រួលព្រំដែនជុំវិញកោះរុស្ស៉ី នៅឯភាគខាងកើត នៃឈូងសមុទ្រហ្វាំងឡង់ និងជុំវិញតំបន់ Kaliningrad។ បើតាមសេចក្តីសង្ខេបនៃក្រឹត្យ «ការឆ្លងកាត់ព្រំដែនរដ្ឋនៃសហព័ន្ធរុស្ស៉ី នៅសមុទ្រនឹងត្រូវផ្លាស់ប្តូរ»។ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen បាននិយាយថា រុស្ស៉ី គួរតែគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។

គួរបញ្ជាក់ថា ភ្លាមៗនេះ គេមិនទាន់ប្រាកដទេថាតើហេតុអ្វីទើបចាំបាច់ឱ្យមានការកែតម្រូវ និងថាតើវាត្រូវកែសម្រួលបែបណា ហើយតើការពិគ្រោះយោបល់ជាមួយប្រទេសផ្សេងទៀត ជុំវិញសមុទ្របាល់ទិកបានធ្វើឡើងឬនៅ៕