(បែរឡាំង)៖ អាល្លឺម៉ង់ គ្រោងបង្កើនកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនក្នុងចំនួន ៣.៨ពាន់លានអឺរ៉ូ ឬស្មើនឹង ៤.១៣ពាន់លានដុល្លារ នៅឆ្នាំ ២០២៤នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ ២០២៤។

អំឡុងចុះទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាសប្រទេសឡេតូនី រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បញ្ជាក់ថា «ប្រសិនបើយើងចង់ធ្វើឱ្យបានច្រើនជាងនេះ យើងត្រូវការថវិកាបន្ថែមទៀត»។ បើតាមការសែតអាល្លឺម៉ង់ លោក Pistorius បានដាក់សំណើសុំមូលនិធិសម្រាប់អ៊ុយក្រែនចំនួន ១៥ពាន់លានអឺរ៉ូ នៅក្នុងកញ្ចប់ថវិកាឆ្នាំ ២០២៥ ហើយរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Christian Lindner បានផ្តល់សញ្ញាគាំទ្រហើយ តែត្រូវរង់ចាំការអនុម័តចុងក្រោយពីសភា ក្នុងខែមិថុនា។ ប្រភពពីមន្រ្តីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ មិនបានបញ្ជាក់ពីចំនួនពិតប្រាកដ ប៉ុន្តែថា ការគាំទ្រសម្រាប់អ៊ុយក្រែន នឹងមិនបរាជ័យ ដោយសារតែក្រសួងឡើយ។

គួរបញ្ជាក់ថា មកទល់ឥឡូវ ទីក្រុងបែរឡាំង បានកំណត់ថវិកាចំនួន៧.១ពាន់លានដុល្លារ សម្រាប់ការផ្គត់ផ្គង់អាវុធ និងគ្រាប់កាំភ្លើងធំ ឱ្យទីក្រុងកៀវ នៅក្នុងឆ្នាំនេះ ប៉ុន្តែថវិកានោះ ត្រូវបានបែងចែកស្ទើរតែទាំងស្រុង ទៅតាមគម្រោងនីមួយៗរួចហើយ៕