(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ចិននឹងហាមឃាត់អតីតសមាជិកសភាអាមេរិក លោក Mike Gallagher មិនឱ្យចូលមកក្នុងប្រទេសឡើយ ហើយក៏ចាត់វិធានការបន្ថែមទៀតដើម្បីឆ្លើយតបចំពោះពាក្យសម្តី និងសកម្មភាពរបស់លោក លើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ ២០២៤។

នៅក្រោមទណ្ឌកម្មនេះ ចិនអាចបង្កកទ្រព្យសម្បតិ្តរបស់ លោក Gallagher ដែលមានក្នុងប្រទេសចិន ហើយហាមឃាត់អង្គការ និងបុគ្គលនៅក្នុងប្រទេសចិន មិនឱ្យធ្វើជំនួញ ឬមានសហប្រតិបត្តិការជាមួយលោក Gallagher។ យ៉ាងនេះក្តី ក្រសួងការបរទេសចិន មិនបានផ្តល់ព័ត៌មានឡើយថា លោក Gallagher ប្រព្រឹត្តឬនិយាយអ្វីនោះ។

គួរបញ្ជាក់ថា លោក Gallagher មកពីគណបក្សសាធារណរដ្ឋ ត្រូវបានគេស្គាល់ជាអ្នករិះគន់ចិនដោយឥតសំចៃ និងជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះតៃវ៉ាន់។ កាលពីខែកុម្ភៈ លោក Gallagher បានទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ហើយបានជួបអតីតមេដឹកនាំ លោកស្រី Tsai Ing-wen និងមេដឹកនាំបច្ចុប្បន្ន លោក Lai Ching-te ដោយគូសបញ្ជាក់ពីការគាំទ្ររបស់បក្សសាធារណរដ្ឋចំពោះកោះតៃវ៉ាន់៕