(ហាណូយ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភានេះ រដ្ឋមន្រ្តីសន្តិសុខសាធារណៈនៃប្រទេសវៀតណាម លោក To Lam ត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតតែងតាំង ជាប្រធានាធិបតីថ្មីជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។​

នៅក្នុងការបោះឆ្នោតជាសម្ងាត់ លោក Lam ទទួលបានសំឡេងគាំទ្រពីសមាជិកសភាវៀតណាម៤៧២ ក្នុងចំណោមសមាជិកសរុប៤៧៣រូប។ ការបោះឆ្នោតអនុម័ត ជាផ្លូវការនេះ គឺបន្ទាប់ពីគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បានផ្តល់អនុសាសន៍ឱ្យរដ្ឋសភាវៀតណាម បោះឆ្នោតជ្រើសតាំងលោក Lam អាយុ ៦៧ឆ្នាំ ឱ្យក្លាយជាប្រធានាធិបតីថ្មី បន្ទាប់ពីតំណែងនេះត្រូវបានទុក​ឱ្យនៅទំនេរ រយៈពេលប្រមាណជា ២ខែមកហើយ ក្រោយការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី លោក Vo Van Thuong។ ដោយឡែក កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋសភាវៀតណាម ក៏បានបោះឆ្នោត តែងតាំងប្រធានថ្មីរបស់ខ្លួនផងដែរ គឺលោក Tran Thanh Man អាយុ៦២ឆ្នាំ។

គួរបញ្ជាក់ថា លោក Thuong បានលាលែងពីតំណែងជាប្រធានាធិបតី កាលពីខែមីនា ឆ្នាំនេះ ក្រោយកាន់តួនាទីបានត្រឹម១ឆ្នាំប៉ុណ្ណោះ ខណៈអតីតប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានលាលែងពីតំណែងដូចគ្នា កាលពីដើមខែឧសភានេះ។ អតីតថ្នាក់ដឹកនាំ​វៀតណាមទាំង២រូប ត្រូវបានបង្ខំឱ្យចាកចេញពីតួនាទី ចំពោះមុខយុទ្ធនាការបោសសំអាតអំពើពុករលួយ ដែលកំពុងតែបន្ត​យ៉ាងក្តៅគគុក៕