(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និយាយនៅថ្ងៃសៅរ៍នេះថា ប៉ូឡូញនឹងបណ្តាក់ទុនចំនួន ២.៥៥ពាន់លានដុល្លារទៅក្នុងកម្មវិធីមួយ ដើម្បីធានាដល់ព្រំដែនភាគខាងកើតដែលមានគោលដៅការពារខ្លួន ប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៉ី និងបេឡារុស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ ២០២៤។

លោក Tusk បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសម្រេចចិត្តវិនិយោគថវិកា ២.៥៥ពាន់លានដុល្លារនៅក្នុងការធានាសន្តិសុខរបស់យើង ហើយសំខាន់ជាងនេះទៅទៀតនោះគឺព្រំដែនភាគខាងកើតមានសុវត្ថិភាព»។ លោក Tusk បានបន្ថែមថា «យើងកំពុងចាប់ផ្តើមគម្រោងធំមួយដើម្បីសាងសង់ព្រំដែនដែលមានសុវត្ថិភាព រួមទាំងប្រព័ន្ធនៃកំពែង ក៏ដូចជាការរៀបចំទេសភាព និងបរិស្ថានមួយដែលមិនអាចសម្រាប់ការឆ្លងកាត់ព្រំដែនពីសត្រូវដ៏មានសក្តានុពល»។

គួរបញ្ជាក់ថា ព្រំដែនរបស់ប៉ូឡូញជាមួយបេឡារុស បានក្លាយជាចំណុចសំខាន់មួយនៃការធ្វើចំណាកស្រុកនាំក្នុងឆ្នាំ ២០២១ និងបន្ទាប់ពីបេឡាុរុសបើកទីភ្នាក់ងារទេសចរណ៍នៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យព្រំដែននេះក្លាយជាច្រកចេញមិនផ្លូវការមួយទៅកាន់តំបន់អឺរ៉ុប ខណៈសហភាពអឺរ៉ុបថានេះជាការរៀបចំបង្កើតវិបត្តិ។ ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានមកលើអ៊ុយក្រែន ប៉ូឡូញ បានបង្កើនការចំណាយលើវិស័យការពារជាតិ ហើយចោទប្រកាន់បេឡារុស និងរុស្ស៉ីថាប៉ុនប៉ងធ្វើឱ្យមានអស្ថិរភាពនៅប៉ូឡូញ៕