(សិង្ហបុរី)៖ សិង្ហបុរីនឹងចាប់ផ្ដើមការហោះហើររបស់យន្ដហោះចម្បាំង F-16 ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកជាបណ្ដោះអាសន្ន នៅពេលដែលយន្ដហោះចម្បាំងដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិកនេះមួយគ្រឿង បានធ្លាក់កាលពីដើមខែឧសភាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិសិង្ហបុរីបាននិយាយថាការធ្លាក់យន្ដហោះចម្បាំង F-16 មួយគ្រឿងកាលថ្ងៃទី៨ ខែឧសភា គឺបណ្ដោលមកពីបញ្ហាប្រព័ន្ធ gyroscopes បញ្ជូនទិន្នន័យខុសទៅកាន់កុំព្យូទ័រគ្រប់គ្រងការហោះហើរ ជាហេតុធ្វើឱ្យពីឡុតមិនអាចបញ្ជាការហោះឡើងរបស់យន្ដហោះ ខណៈពីឡុតលោតឆត្រយោង ចេញពីកៅអីដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ការធ្លាក់យន្ដហោះចម្បាំងកាលពីដើមខែឧសភា គឺជាគ្រោះថ្នាក់ដំបូងបំផុតមួយនៃយន្ដហោះចម្បាំងសិង្ហបុរី ចាប់តាំងពីឆ្នាំ២០០៤មក ជាពេលដែល យន្ដហោះចម្បាំង F-16C របស់កងទ័ពអាកាសសិង្ហបុរីមួយគ្រឿងបានធ្លាក់ អំឡុងធ្វើបេសកកម្មហោះហើរនៅពេលយប់ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានសម្លាប់ពីឡុតសិង្ហបុរីម្នាក់មានអាយុ ២៥ឆ្នាំ៕