(ម៉ូស្គូ)៖ កងទ័ព​រុស្ស៊ី នៅថ្ងៃសុក្រនេះ​បាន​បើក​ការ​វាយ​លុក​នៅ​ជិតទី​ក្រុង Kharkiv ដែលជា​ទីក្រុង​ធំ​ទី​ពីរ​របស់​អ៊ុយក្រែន​នៅ​ភាគ​ឦសានប្រទេស។ ការវាយលុកនេះមានការរីកចម្រើនតិចតួច និងបានបង្កើតរណសិរ្សថ្មីនៅក្នុងជម្លោះ ដែលបច្ចុប្បន្នកំពុងតែផ្តោតជាចម្បងនៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

អភិបាលតំបន់ លោក Oleh Sinyhopov បាននិយាយថា ការបាញ់ផ្លោងពេលយប់ដ៏ខ្លាំងក្លារបស់រុស្ស៉ី បានកំណត់គោលដៅលើក្រុង Vovchansk ក្នុងតំបន់ Kharkiv ដែលស្ថិតចម្ងាយតិចជាង ៥គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។ ការ​បាញ់ផ្លោងនេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរចាប់​ផ្តើម​ជម្លៀស​មនុស្ស​ប្រហែល ៣ពាន់​នាក់។

ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា នៅពេលព្រឹកព្រលឹមទាហានថ្មើរជើងរុស្ស៊ីបានព្យាយាម ដើម្បីវាយលុកតំបន់ការពារអ៊ុយក្រែននៅក្បែរក្រុង Vovchansk ដោយបន្ថែមថា ខ្លួនបានដាក់ពង្រាយអង្គភាពបម្រុង ដើម្បីទប់ទល់ការវាយប្រហារនេះ។

អ្នកសរសេរប្លុកយោធារុស្ស៊ីបានលើកឡើងថា ការវាយប្រហារនេះអាចបង្ហាញពីការចាប់ផ្តើម នៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបង្កើត «តំបន់ការពារ» ដូចដែលបានសន្យាដោយប្រធានាធិបតី Vladimir Putin កាលពីដើមឆ្នាំនេះ។ តំបន់​នេះ​មាន​គោល​បំណង​ការពារ​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​ជា​ញឹក​ញាប់ ​លើ​ទីក្រុង Belgorod និង​តំបន់​ព្រំដែន​រុស្ស៊ី​ផ្សេងទៀត។

អ៊ុយក្រែន​ធ្លាប់​បាន​និយាយ​ថា ខ្លួន​បាន​ដឹង​ថា​រុស្ស៊ី​កំពុង​ប្រមូល​ទ័ព​រាប់​ពាន់​នាក់​តាម​បណ្តោយ​ព្រំដែន​ភាគ​ឦសាន​ក្បែរ​តំបន់ Kharkiv និង​តំបន់ Sumy។ ខណៈពេលដែលកងទ័ពវិមានក្រឹមឡាំង បានចាប់ផ្តើមការវាយលុកចុងក្រោយបំផុតរបស់ពួកគេ នៅភាគខាងកើតអ៊ុយក្រែន មន្ត្រីចារកម្មអ៊ុយក្រែនបាននិយាយថា ពួកគេរំពឹងថា ទាហានរុស្ស៉ីនឹងវាយប្រហារនៅភាគឦសានប្រទេសអ៊ុយក្រែនផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា កងទ័ពរបស់ប្រទេសរបស់លោក បានប្រមើលមើលការវាយប្រហារនេះ ហើយបានកំណត់ការឆ្លើយតបរបស់ខ្លួន។

គួរជម្រាបថា ទោះបីជារុស្ស៊ីទំនងជាមិនអាចដណ្តើមយកទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែនក៏ដោយ វាអាចបង្ខំឱ្យអ៊ុយក្រែនបញ្ជូនទាហានបន្ថែមទៀតទៅកាន់តំបន់នេះ ដែលធ្វើឱ្យតំបន់ផ្សេងទៀតកាន់តែងាយរងគ្រោះក្នុងការវាយប្រហារ។ ការបង្ខំឱ្យអាជ្ញាធរអ៊ុយក្រែនជម្លៀសជនស៊ីវិល ក៏ទំនងជាបង្កើតការរំខាន និងបង្វែរធនធានផងដែរ។

ប្រធានរដ្ឋបាលទីក្រុង Vovchansk លោក Tamaz Hambarishvili បានិយាយថា «ទីក្រុងទាំងមូលកំពុងស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាឥឡូវនេះ ហើយវាមិនមានសុវត្ថិភាពក្នុងការស្នាក់នៅទីនេះទេ»៕