(ប៉ារីស)៖ រដ្ឋមន្រ្តីការពារជាតិបារាំង លោក Sebastien Lecornu កំពុងដាក់កងកម្លាំងពិសេសមួយ ដើម្បីការពារជនរងគ្រោះ និងផ្តន្ទាទោសជនល្មើសនៃអំពើហិង្សាផ្លូវភេទ នៅក្នុងជួរកងទ័ព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ ២០២៤។

បើតាមសេចក្តីប្រកាសរបស់លោក Lecornu ចេញផ្សាយដោយកាសែតបារាំង Le Monde កងកម្លាំងពិសេសដែលត្រូវស្នើឱ្យ ពិនិត្យឡើងវិញ លើនីតិវិធីនៃការដាក់វិន័យ និងចេញនូវអនុសាសន៍ជាក់ស្តែង ដើម្បីណែនាំដល់មេបញ្ជាការ នឹងត្រូវដឹកនាំដោយអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកងរាជអាវុធហត្ថ។ លោក Lecornu បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា «ទាហានម្នាក់ចូលរួមជាមួយកងទ័ពបារាំង គឺដើម្បីការពារ មិនមែនធ្វើបាប ដូចជាការបៀតបៀនផ្លូវភេទ ហើយសូម្បីតែនៅក្នុងចំណោមទាហានក្តី ក៏ត្រូវចាត់ទុកជាជនរងគ្រោះដែរ»

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ មានបំណងដោះស្រាយបញ្ហាបៀតបៀនផ្លូវភេទ និងការរំលោភបំពានក្នុងជួរយោធា ដែលជាស្ថាប័នជាតិមួយ មិនធ្លាប់ទម្លាយរឿងបែបនេះ ហើយត្រូវបានដាក់ចេញក្រោយពេលដែលទាហានស្ត្រី បានធ្វើការអំពាវនាវ តាមបណ្តាញសង្គមក្នុងស្រុក នៅឆ្នាំនេះ ឱ្យចេញមុខបង្ហាញពីអំពើហិង្សាផ្លូវភេទ៕