(ស៉ីដនី)៖ ប្រទេសអូស្រ្តាលីបានប្រកាសថា ខ្លួននឹងបង្កើនជំនួយហិរញ្ញវត្ថុក្នុងកម្រិតដល់ទៅ៤ដង សម្រាប់ប្រទេសទូវ៉ាលូនៅឯតំបន់ប៉ាស៉ីហ្វិក ស្របពេលដែល ចិនបាននិងកំពុងព្យាយាម ទាក់ទាញប្រទេសដីកោះតូចៗនៅក្នុងតំបន់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។

អំឡុងទស្សនកិច្ចនៅទូវ៉ាលូ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា អូស្រ្តាលីបានប្តេជ្ញាជំនួយសរុប ១១០លានដុល្លារអូស្រ្តាលី ឬស្មើនឹង៧២.២៧លានដុល្លារអាមេរិក នៅក្នុងកញ្ចប់ថវិកាជាតិរបស់ខ្លួនសម្រាប់ប្រទេសទូវ៉ាលូ។ នៅក្នុងជំនួយហិរញ្ញខាងលើ រួមមានដូចជា ៥០លានដុល្លារអូស្រ្តាលី សម្រាប់ការងារសាងសង់ខ្សែកាបក្រោមបាតសមុទ្រដំបូងបំផុត ដើម្បីតភ្ជាប់​ប្រជាជនទូវ៉ាលូ ទៅកាន់បណ្តាញទូរគមនាគមន៍របស់សកលលោក ហើយនិង ១៩លានដុល្លារអូស្រ្តាលី សម្រាប់គម្រោងបង្កើតដីថ្មីនៅសមុទ្រ ដើម្បីពង្រឹងការពារឆ្នេររបស់ប្រទេសទូវ៉ាលូ ពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។

ចំណែក ១៥លានដុល្លារអូស្រ្តាលីទៀត នឹងត្រូវចំណាយទៅលើ មជ្ឈមណ្ឌលសម្របសម្រួលផ្នែកសន្តិសុខជាតិ ហើយនិង ១០លានដុល្លារអូស្រ្តាលី ក្នុងទម្រង់ជា កញ្ចប់ថវិកាគាំទ្រដោយផ្ទាល់។ ជំនួយហិរញ្ញវត្ថុនេះគឺជាការកើនឡើងដ៏គួរឱ្យកត់សម្គាល់បំផុតមួយ បន្ថែមពីលើជំនួយ ១៧លានដុល្លារអូស្រ្តាលី ដែលទីក្រុងកង់បេរ៉ា បានផ្តល់ឱ្យទូវ៉ាលូ ក្នុងអំឡុងពេលមួយឆ្នាំកន្លងទៅនេះ។

គួរបញ្ជាក់ថា មហិច្ឆតារបស់ចិនក្នុងការពង្រីកវត្តមានផ្នែកសន្តិសុខឱ្យធំជាងមុន នៅតំបន់ប៉ាស៉ីហ្វិក បានក្លាយជាបញ្ហាមួយ ក្នុងការបោះឆ្នោតនៅប្រទេសទូវ៉ាលូ កាលពីខែមករា ដើមឆ្នាំនេះ ដោយបេក្ខជនមេដឹកនាំ២រូប បាននិយាយថា ពួកគេនឹងពិចារណាដោះដៃចោលតៃវ៉ាន់ ហើយងាកទៅចាប់ចិនវិញ។ យ៉ាងណាក្តី នាយករដ្ឋមន្រ្តីទូវ៉ាលូថ្មី លោក Feleti Teo បានសន្យាថា នឹងបន្តរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់ ហើយនឹងផ្តល់​សច្ចាប័នលើកិច្ចព្រមព្រៀងសំខាន់មួយ ជាមួយអូស្រ្តាលីនៅខែវិច្ឆិកា ឆ្នាំនេះ៕