(វ៉ាស៉ីនតោន)៖ កងទ័ពសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា កាលពីថ្ងៃទី២ ខែឧសភា អាជ្ញាធររុស្ស៉ីក្នុងទីក្រុង Vladivostok បានឃាត់ និងឃុំខ្លួនទាហានអាមេរិកម្នាក់ ដោយចោទប្រកាន់ពីបទល្មើសលួច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

មន្រ្តីអាមេរិកម្នាក់បាននិយាយក្នុងលក្ខណមិនបញ្ចេញឈ្មោះថា ទាហានរូបនោះឈរជើងនៅមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានចោទប្រកាន់ថាបានធ្វើសកម្មភាព លួចពីស្ត្រីម្នាក់។ ខាងកងទ័ពអាមេរិក មិនបានផ្តល់ព័ត៌មានលម្អិតទេជុំវិញការចោទប្រកាន់នេះ ដោយលើកឡើងពីភាពរសើបនៃបញ្ហា។ ប៉ុន្តែថាទីក្រុងមូស្គូ បានជូនដំណឹង មកកាន់ក្រសួងការបរទេសអាមេរិកហើយ អំពីការឃុំខ្លួនទាហានរូបនោះ ដោយអនុលោមតាមអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងនៃស្ថានកុងស៊ុល។ យ៉ាងនេះក្តី ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាស៉ីនតោន មិនទាន់ឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុករបស់រុស្ស៉ី Izvestia ទាហានដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង បានមកជួបស្ត្រីម្នាក់ដែលស្គាល់គ្នាតាមអ៉ីនធើណិត ដោយស្រ្តីរូបនោះជាអ្នកមកពីទីក្រុងកំពង់ផែ Vladivostok ភាគខាងកើតបំផុតនៃប្រទេសរុស្ស៉ី។ Izvestia បានឱ្យដឹងទៀតថាគូស្នេហ៍ទាំង២នាក់បានរួមរស់នៅជាមួយគ្នា បានមួយរយៈ ហើយថាទាហានអាមេរិកខាងលើបានលួចលុយស្ត្រីរូបនោះ ២១៩៦ដុល្លារ។ តែសេចក្ដីរាយការណ៍នេះមិនទាន់អាចផ្ទៀងផ្ទាត់បាននៅឡើយទេ៕