(យូអិន)៖ កាលពីថ្ងៃអាទិត្យនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយថា កិច្ចប្រឹងប្រែងដែលដឹកនាំ​ដោយសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិចដទៃទៀត ក្នុងការបង្កើតក្រុមឃ្លាំមើលថ្មី នៃការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង មុខជានឹងទទួលបរាជ័យមិនខាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥​ ខែឧសភា ឆ្នាំ២០២៤។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Song បានធ្វើការអត្ថាធិប្បាយដូចខាងលើ ជាការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍រួមមួយ របស់​សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដែលបានចេញក្នុងសប្តាហ៍នេះ ក្រោមគោលដៅអំពាវនា វឱ្យបន្តកិច្ចការងាររបស់គណៈកម្មការជំនាញ UN មួយ ដែលកន្លងមកមានតួនាទីតាមដាន ការអនុវត្តទណ្ឌកម្មយូរមកហើយ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និង​មីស៉ីលរបស់ ប្រទេសអាស៉ីខាងកើតមួយនេះ។ លោក Kim បាននិយាយដូច្នេះថា «កម្លាំងបច្ចាមិត្ត អាចបង្កើតក្រុមអ្នកជំនាញទី២ និងទី៣ នៅថ្ងៃខាងមុខ ប៉ុន្តែមុខជានឹងទទួលបរាជ័យទាំងអស់ មិនខានឡើយ»។

គួរបញ្ជាក់ថា កាលខែមេសាកន្លងទៅ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានធ្វើទស្សនកិច្ច​ទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ DMZ ហើយបានអំពាវនាវឱ្យរុស្ស៉ីនិងចិន ឈប់ផ្តល់រង្វាន់តទៅទៀត ដល់កូរ៉េខាងជើង សម្រាប់អ្វីដែលលោកស្រីចាត់ទុកជា អាកប្បកិរិយាអាក្រក់របស់ទីក្រុងព្យុងយ៉ាង។ កាលពីចុងខែមីនា រុស្ស៉ីបានបោះឆ្នោតជំទាស់ការផ្តល់​អាណត្តិថ្មីប្រចាំឆ្នាំ ដល់ក្រុមអ្នកជំនាញពហុជាតិមួយ ដែលក្នុងរយៈពេលប្រមាណ ១៥ឆ្នាំមកនេះ បានឃ្លាំមើលការអនុវត្តការដាក់ទណ្ឌកម្ម​របស់ UN ដែលមានគោលដៅរឹតត្បិត កម្មវិធីនុយក្លេអ៊ែរនិងមីស៉ីល របស់កូរ៉េខាងជើង៕