(អូតាវ៉ា)៖ ប៉ូលិសកាណាដា កាលពីថ្ងៃសុក្រ ទី៣ ខែឧសភា បានឃាត់ខ្លួន និងចោទប្រកាន់បុរសជាជនជាតិឥណ្ឌា ៣នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើមេដឹកនាំក្រុមផ្ដាច់ខ្លួន Sikh លោក Hardeep Singh Nijjar កាលពីឆ្នាំមុន ខណៈកំពុងស៊ើបអង្កេតថាតើបុរសទាំងនេះទំនាក់ទំនងជាមួយរដ្ឋាភិបាលឥណ្ឌា ឬក៏អត់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមប៉ូលិសកាណាដា បុរសជាជាតិឥណ្ឌាទាំង៣នាក់ខាងលើមានឈ្មោះ Karanpreet Singh មានអាយុ២៨ឆ្នាំ Kamalpreet Singh អាយុ២២ឆ្នាំ និងឈ្មោះ Karan Brar មានអាយុ២២ឆ្នាំ។ «យើងកំពុងបើកការស៊ើបអង្កេតថាតើពួកគេមានទំនាក់ទំនងជាមួយរដ្ឋាភិបាលឥណ្ឌាឬក៏អត់»។ នេះគឺជាការគូសបញ្ជាក់របស់លោក Mandeep Mooker ជាស្នងការប៉ូលិស Royal Canadian Mounted Police។ ប៉ុន្តែខាងបេសកកម្មទូតឥណ្ឌា​ប្រចាំទីក្រុងអូតាវ៉ាមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។

គួរបញ្ជាក់ថា លោក Nijjar មានអាយ៤៥ឆ្នាំ ត្រូវបានគេបាញ់សម្លាប់កាលពីខែមិថុនា ឆ្នាំ២០២៣ នៅខាងក្រៅវិហារ Sikh មួយកន្លែងក្នុងតំបន់ Surrey ស្ថិតជាយទីក្រុង Vancouver ដែលសម្បូរជនជាតិភាគតិច Sikh រស់នៅ ក្នុងប្រទេសកាណាដា។ ប៉ុន្មានខែក្រោយករណីឃាតកម្មនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអះអាងថាកាណាដា មានភស្តុតាងអាចបញ្ជាប់បានថារដ្ឋាភិបាលឥណ្ឌាមានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោក Nijjar ជាហេតុបង្កឱ្យមានវិបត្តិការទូតជាមួយទីក្រុងញូដេលី ដែលបានច្រានចោលរាល់ការចោទប្រកាន់នៅពេលនោះ៕