(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រ ទី៣ ខែឧសភា បានព្រមានថាប្រតិបត្តិការវាយលុកណាមួយរបស់អ៉ីស្រាអែលក្នុងទីក្រុង Rafah ស្ថិតនៅ ភាគខាងត្បូងនៃតំបន់ហ្កាហ្សា អាចនឹងនាំទៅរកការសម្លាប់រង្គាលក្នុងថ្លុកឈាមមួយ នៅចំពោះមុខការប្ដេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថា នឹងវាយលុកតាមជើងគោកចូលក្នុងទីក្រុងមួយនេះដើម្បីកម្ទេចក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ប្រមុខ WHO លោក Tedros Adhanom Ghebreyesus ក៏បានព្រមានផងដែរពីមហន្តរាយដ៏ធ្ងន់ធ្ងរចំពោះប្រជាជនប៉ាឡេស្ទីនជាង ១.២លាននាក់ដែលកំពុងជ្រកកោនក្នុងទីក្រុង Rafah។ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា «WHO មានការព្រួយបារម្ភក្រៃលែងចំពោះប្រតិបត្តិការយោធាទ្រង់ទ្រាយធំណាមួយ ក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សា ដែលអាចនឹងនាំទៅរកថ្លុកឈាម ហើយធ្វើឱ្យប្រព័ន្ធសុខាភិបាលដែលបានចុះខ្សោយស្រាប់ទៅហើយនោះកាន់តែយ៉ាប់យ៉ឺន»

គួរបញ្ជាក់ថា បើតាម WHO ប្រព័ន្ធសុខាភិបាលស្ទើរតែទាំងស្រុងនៃតំបន់ហ្កាហ្សាបានរងការខូចខាត ឬត្រូវបានបំផ្លិចបំផ្លាញក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ហើយមានតែ មន្ទីរពេទ្យ ១២កន្លែង ក្នុងចំណោមមន្ទីរពេទ្យទាំង៣៦ នៃតំបន់ហ្កាហ្សា និងមណ្ឌលសុខភាពចំនួន២២ ក្នុងចំណោម៨៨ ប៉ុណ្ណោះនៅអាចដំណើរការបានយ៉ាងត្រដាបត្រដួស៕