(ឡាអេ)៖ ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានអំពាវនាវឱ្យបញ្ឈប់នូវអ្វីដែលខ្លួនហៅថាជាការសម្លុតគំរាមប្រឆាំងនឹងបុគ្គលិករបស់ខ្លួន ដោយនិយាយថា ការគំរាមកំហែងរបៀបនេះគឺជាទង្វើខុសច្បាប់ប្រឆាំងរដ្ឋបាលយុត្តិធម៌នៃតុលាការព្រហ្មទណ្ឌរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋអាជ្ញានៃការិយាល័យ ICC មានមូលដ្ឋានក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ លោក Karim Khan បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រ ទី៣ ខែឧសភា ថារាល់ការប៉ុនប៉ងទាំងឡាយដើម្បីបង្កឧបសគ្គ សម្លុតគំរាម ឬក៏ការប្រើប្រាស់ឥទ្ធិពលមិនត្រឹមត្រូវលើមន្ត្រីរបស់ខ្លួនត្រូវតែបញ្ឈប់ជាបន្ទាន់។ សេចក្ដីថ្លែងការណ៍នេះមិនបានលើក ចំឈ្មោះអ៉ីស្រាអែលនោះទេ តែការអំពាវនាវរបស់លោក Karim Khan កើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីអាមេរិក និងអ៉ីស្រាអែលបានព្រមាន ICC ពីផលវិបាក ប្រសិនបើហ៊ាន ចេញដីកាចាប់ខ្លួនប្រឆាំងអ៉ីស្រាអែល ពាក់ព័ន្ធនឹងសង្រ្គាមនៅហ្កាហ្សា។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើន បានរាយការណ៍ថា ICC អាចនឹងចេញដីកាចាប់ខ្លួនមន្ត្រីអ៉ីស្រាអែល ក្នុងនោះអាចមានទាំង លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូផងដែរ ជុំវិញសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាដែលកំពុងរងការចោទប្រកាន់ទាក់ទិននឹងការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្រ្គាម ខណៈ ជនជាតិប៉ាឡេស្ទីនភាគច្រើនជាស្ត្រី និងកុមារស្លាប់ក្នុងសង្រ្គាមកើនដល់ជិត ៣៥ ០០០នាក់ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕