(ប៉ារីស)៖ បារាំង និងជប៉ុនបានឯកភាពគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីចាប់ផ្តើមកិច្ចចរចាផ្លូវការលើកិច្ចព្រមព្រៀងការពារជាតិ (RAA) ដើម្បីដាក់ពង្រាយកងទ័ពទៅវិញទៅមក ដែលជាការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ចំពេលភាពតានតឹងដែនសមុទ្រកាន់តែកើនឡើង នៅក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ក៏ដូចជាសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ ២០២៤។

សម្ព័ន្ធមិត្ត G7 បានធ្វើសមយុទ្ធយោធារួមគ្នាជាច្រើន ក្នុងមួយរយៈពេលចុងក្រោយនេះ ទាំងលក្ខណៈទ្វេភាគី និងជាក្រុមធំ។ ជាង ១ឆ្នាំមកនេះទីក្រុងប៉ារីស ក៏បានជំរុញកិច្ចពិភាក្សាលើកិច្ចព្រមព្រៀង RAA នេះ។ RAA នឹងបង្កើតក្រមខណ្ឌដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការយោធា ដូចជាការអនុញ្ញាតឱ្យបុគ្គលិកយោធាចូលមកបម្រើការ និងការប្រើប្រាស់សម្ភារយោធាកាន់តែងាយស្រួល សម្រាប់កងកម្លាំងបណ្តោះអាសន្ន។

ខណៈ លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីបារាំង លោក Emmanuel Macron ជួបគ្នាក្នុងទីក្រុងប៉ារីស មន្រ្តីមួយរូបនៃរដ្ឋាភិបាលជប៉ុន បាននិយាយថា «មេដឹកនាំទាំងពីរ ឯកភាពគ្នាហើយក្នុងការចាប់ផ្តើមកិច្ចចរចា ដែលនឹងនាំមកនូវកិច្ចសហប្រតិបត្តិការ និងសមយុទ្ធយោធាកាន់តែច្រើន ដែលយើងចាត់ទុកជាបញ្ហាសំខាន់ » ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ ២០២៣ ជប៉ុនបានប្រកាសពីការកសាងផ្នែកយោធាដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ក្នុងជំហានមួយដែលចេញឆ្ងាយពីសន្តិភាពនិយម ដែលបានដាក់ចេញក្រោយសម័យសង្គ្រាម។ កន្លងមក ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង RAAs ជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេស ហើយកំពុងចរចាជាមួយហ្វីលីពីន៕