(ហ្គាហ្សា)៖ អាជ្ញាធរ​ទូទៅ​សម្រាប់​កិច្ចការ​ព្រំដែន​ក្នុង​តំបន់​ហ្កាហ្សា ​បាន​ប្រកាសឱ្យដឹង​ថា អ៊ីស្រាអែល​បាន​ដោះលែង​ជនជាតិ​ប៉ាឡេស្ទីន ៦៤ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​យោធា​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​តំបន់​ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរអ៊ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ៦៤ នាក់ ក្នុងរួមមានទាំងមនុស្សស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ តាមរយៈច្រក Kerem Shalom ក្នុងតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង។ ប្រភពសន្តិសុខប៉ាឡេស្ទីន បានគូសបញ្ជាក់ថា អ្នកទោសដែលត្រូវបានដោះលែងទាំងនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យស្ថានភាពសុខភាពរបស់ពួកគេ។

យោងតាមអង្គការសិទ្ធិមនុស្សប៉ាឡេស្ទីនបានឱ្យដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនរាប់រយនាក់ និងផ្ទេរពួកគេទៅកាន់គោលដៅដែលគេមិនស្គាល់។

គួរជម្រាបថា អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកគេ ឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រមាណ ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ការវាយប្រហារបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានបណ្តាលឱ្យមានអ្នកស្លាប់ និងការខូចខាតយ៉ាងធំ ដោយចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ជាង ៣៤,០០០ នាក់ ចាប់តាំងពីជម្លោះបានចាប់ផ្តើម នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា៕