(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប នៅថ្ងៃព្រហស្បតិ៍នេះ បានទទូចឱ្យចិននិងរុស្ស៉ី ធ្វើសេចក្តីប្រកាសដូចសហរដ្ឋអាមេរិក និងប្រទេស​មួយចំនួនផ្សេងទៀតថា មានតែមនុស្សប៉ុណ្ណោះ ហើយគ្មានថ្ងៃឱ្យបញ្ញាសិប្បនិម្មិត ឬ AI ឡើយ ដែលនឹងធ្វើការសម្រេចចិត្តពាក់ព័ន្ធទៅនឹង ​ការដាក់ពង្រាយក៏ដូចជាប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤។

មន្រ្តីក្រសួងការបរទេសអាមេរិក លោក Paul Dean បានប្រាប់ថា ទីក្រុងវ៉ាស៉ីនតោន បានបង្ហាញការប្តេជ្ញាយ៉ាងរឹងមាំ និងជាក់ច្បាស់ថា មានតែមនុស្សមួយគត់ ដែលជាអ្នកមានសិទ្ធិគ្រប់គ្រងពេញលេញទាំងស្រុង លើអាវុធនុយក្លេអ៊ែរ ហើយបារាំង ព្រមទាំងចក្រភពអង់គ្លេស ក៏បានធ្វើដូចគ្នាដែរ។ លោក Dean បានបន្តថា «យើងនឹងស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ស្រដៀងគ្នា ពីសំណាក់ចិននិងសហព័ន្ធរុស្ស៉ី។ យើងយល់ថា វាគឺជាបទដ្ឋានដ៏សំខាន់បំផុតមួយ នៃអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ ហើយយើងគិតថា វាគឺជាអ្វីដែលនឹងត្រូវ​បានស្វាគមន៍ជាខ្លាំង ក្នុងបរិបទនៃ P5»។ P5 ក្នុងន័យនេះចង់សំដៅលើ សមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា ការលើកឡើងដូចខាងលើរបស់មន្រ្តីរដ្ឋាភិបាលអាមេរិក គឺកើតមានស្របពេលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងព្យាយាមធ្វើឱ្យកាន់តែស៉ីជម្រៅ នូវកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយចិន ជុំវិញបញ្ហាគោនយោបាយអាវុធនុយក្លេអ៊ែរ ហើយនិង​ការរីកធំឡើងនៃ AI។ ការរីកសុសសាយនៃបច្ចេកវិទ្យា AI ក៏បានលេចឡើង ផងដែរ អំឡុងកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីការបរទេសចិន​លោក Wang Yi នៅឯទីក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែមេសា៕