(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសាថាផែនការវាយលុកតាមជើងគោកចូលក្នុងទីក្រុង Rafah ស្ថិតនៅ ភាគខាងត្បូងនៃតំបន់ហ្កាហ្សា អាចនឹងត្រូវបានផ្អាក ប្រសិនបើមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងកណ្ដាប់ដៃក្រុមហាម៉ាស។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz កើតមានឡើង ចំពេលក្រុមអ្នកសម្របសម្រួលអន្តរជាតិកំពុងព្យាយាមស្វែងរកបទឈប់បាញ់ មួយសម្រាប់សង្រ្គាមដ៏បំផ្លិចបំផ្លាញអូសបន្លាយពេលជាង៦ខែមកនេះ ក្នុងតំបន់ហ្កាហ្សា និងធានាឱ្យមានការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួន អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីស្រាអែលប៉ុស្ដិ៍លេខ១២ (Channel 12 television) លោក Israel Katz បានលើកឡើងដូច្នេះថា «ការរំដោះលែងចំណាប់ខ្មាំង គឺអាទិភាពរបស់យើង»។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើអាចនឹងមានការផ្អាកប្រតិបត្តិការកម្ទេចកងពលរបស់ក្រុមហាម៉ាសក្នុងទីក្រុង Rafah ដែរឬ ក៏យ៉ាងណា? លោក Katz បានឆ្លើយថាពិតណាស់គឺមាន។ «ប្រសិនបើមានកិច្ចព្រមព្រៀង (ដោះលែងចំណាប់ខ្មាំង) នឹងយើងនឹងផ្អាកប្រតិបត្តិការ»។ នេះជាការបញ្ជាប់បន្ថែមរបស់លោករដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអះអាងថាក្រុមហាម៉ាសមានកងពលចំនួន ៤នៅក្នុងទីក្រុង Rafah ជាទីដែលជនជាតិ ប៉ាឡេស្ទីនជាង ១លាននាក់កំពុងជ្រកកោន។ តាមលោក Netanyahu ជ័យជម្នះរបស់អ៉ីស្រាអែលនឹងមិនអាចកើតមានឡើយ ប្រសិនបើអ៉ីស្រាអែលមិនកម្ទេចកងពល របស់ក្រុមហាម៉ាសក្នុងទីក្រុង Rafah ខណៈអន្តរជាតិព្រមានពីគ្រោះមហន្តរាយមនុស្សធម៌។

កាលពីថ្ងៃសៅរ៍នោះដែរ ក្រុមហាម៉ាសបាននិយាយថាទទួលបានការឆ្លើយតបផ្លូវការមួយពីអ៉ីស្រាអែល ចំពោះសំណើបទឈប់បាញ់ចុងក្រោយរបស់ខ្លួន នៅក្នុងកិច្ចចរចាមួយ ក្រោមការសម្របសម្រួលពីអេហ្ស៉ីប និងកាតា ហើយនឹងធ្វើការសិក្សាលម្អិត មុនឆ្លើយតបទៅវិញ។ ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ សហរដ្ឋអាមេរិក និងប្រទេសចំនួន១៧ផ្សេងទៀត ក៏បានអំពាវនាវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងផងដែរ ជាមធ្យោបាយមួយដើម្បីបញ្ចប់វិបត្តិសព្វថ្ងៃ៕