(ប៉េកាំង)៖ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនៅក្រុងប៉េកាំង។

លោក Wang Yi បានថ្លែងថា៖ កាលពីខែវិចិ្ឆកាឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Biden ប្រធានាធិបតីអាមេរិកបានជួបសន្ទនាដោយជោគជ័យ នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ភាគីទាំងពីរចិននិងអាមេរិកគួរអនុវត្តគំនិតឯកភាពរួម ឱ្យបានជាក់លាក់ និងត្រឹមត្រូវ។ បើសិនជាអាមេរិកចេះតែចាត់ទុកចិនជាគូប្រជែងសំខាន់ នោះទំនាក់ទំនងរវាងគ្នា និងគ្នា មានតែកើតមានបញ្ហាកាន់តែច្រើនឡើងៗ។

លោក Wang Yi បានគូសបញ្ជាក់ថា បញ្ហាតៃវ៉ាន់ជាខ្សែបន្ទាត់ក្រហមទីមួយដែលមិនអាច បំពានបានសម្រាប់ទំនាក់ទំនងចិន-អាមេរិក។ ភាគីចិនទាមទារឱ្យអាមេរិក គោរពម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ និងសេចក្តីប្រកាសរួមទាំង៣ រវាងចិននិងអាមេរិក បញ្ឈប់ការលក់សព្វាវុធអោយតៃវ៉ាន់ ហើយគាំទ្រការបង្រួបបង្រួមដោយសន្តិវិធីរបស់ប្រទេសចិន។

លោក Wang Yi បានបន្តថា សិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិនមិនអាចដកហូតបានឡើយ។ អាមេរិកត្រូវបញ្ឈប់ការឃោសនាក្លែងក្លាយ អំពីអ្វីដែលហៅថា «អតិរេកផ្នែកសមត្ថភាពផលិតកម្ម របស់ប្រទេសចិន» ហើយលុបចោលការដាក់ទណ្ឌកម្មខុសច្បាប់ ចំពោះសហគ្រាសចិន។

លោក Wang Yi បានបន្តថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនត្រូវក្លាយជាសង្វៀនប្រកួតប្រជែងរវាង ប្រទេសធំនោះទេ។ សង្ឃឹមថា ភាគីអាមេរិកមានជម្រើសដ៏ត្រឹមត្រូវ ដើរស្របតាមទិសដៅដូចគ្នា ជាមួយចិន ធ្វើអន្តរកម្មវិជ្ជមានអក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កុំគំរាមកំហែងឱ្យប្រទេសក្នុងតំបន់ ជ្រើសរើសឈរនៅម្ខាងណា បញ្ឈប់ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅអាស៊ី-ប៉ាស៊ីហ្វិក បញ្ឈប់ទង្វើដែលបំផ្លាញផលប្រយោជន៍សន្តិសុខខាងយុទ្ធសាស្ត្ររបស់ចិន ហើយបញ្ឈប់ការបំផ្លាញសន្តិសុខនិងស្ថិរភាព ក្នុងតំបន់ដែលទទួលបានដោយមិនងាយ។

ជាការឆ្លើយតប លោក Blinkenបានថ្លែងថា ទំនាក់ទំនងអាមេរិកនិងចិនជាទំនាក់ទំនង ទ្វេភាគី សំខាន់បំផុតនៅលើពិភពលោក។ អាមេរិកបន្តអនុវត្តតាមគោលការណ៍ចិនតែមួយ មិនគាំទ្រ «តៃវ៉ានឯករាជ្យ» ទេ។ អាមេរិកគ្មានបំណងកើតមានការប៉ះទង្គិចជាមួយចិនទេ ហើយក៏មិនចង់កាត់ផ្តាច់ខ្សែសង្វាក់ជាមួយចិន និងមិនមានបំណងរារាំងការអភិវឌ្ឍន៍ របស់ចិនឡើយ។ អាមេរិកមានឆន:រួមជាមួយចិន បន្តឈានទៅមុខដោយឈរលើមូលដ្ឋាន នៃគំនិតឯកភាពក្រុងសាន់ហ្វ្រាន់ស៊ីស្កូរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យទំនាក់ទំនង អាមេរិក- ចិនវិវឌ្ឍរីកចម្រើនដោយស្ថិរភាព។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់ អំពីបញ្ហាមួយចំនួន ដូចជា បញ្ហាអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល បញ្ហាកូរ៉េខាងជើង និងបញ្ហាមីយ៉ាន់ម៉ា ជាដើម និងបានឯកភាពគ្នាថា កិច្ចជំនួបពិភាក្សាលើកនេះមានលក្ខណ:ស្មោះត្រង់ ជាក់ស្តែង ហើយមាន លក្ខណ:ស្ថាបនា ភាគីទាំងពីរយល់ព្រមបន្តអភិវឌ្ឍទំនាក់ទំនងគ្នា តាមការចង្អុលបង្ហាញរបស់ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន