(មីនស្ក៍)៖ មេដឹកនាំបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ទាំងក្នុងស្រុក និងពីខាងក្រៅ ដែលតម្រូវឱ្យមានការផ្លាស់ប្តូរឥរិយាបទសន្តិសុខ និងការអនុញ្ញាតឱ្យរុស្ស៉ីបំពាក់អាវុធនុយក្លេអ៊ែរតាក់ទិកលើទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤។

ដោយមិនបង្ហាញភស្តុតាងណាមួយ លោក Lukashenko បានចោទប្រកាន់ថា គណបក្សប្រឆាំងបេឡារុសមានផែនការចាប់យកភូមិស្រុក នៅឯភាគខាងលិចប្រទេស ហើយបានស្នើសុំជំនួយពីកងទ័ពរបស់អង្គការណាតូ (NATO) ប៉ុន្តែគណបក្សប្រឆាំង បានច្រានចោលនូវការចោទប្រកាន់បែបនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Belta បានរាយការណ៍ដោយដកស្រង់សម្តីរបស់ លោក Lukashenko ដែលគូសបញ្ជាក់ថា «ស្ថានភាពបច្ចុប្បន្ន តម្រូវឱ្យមានការផ្លាស់ប្តូរគោលជំហរសន្តិសុខរបស់ប្រទេស ក្នុងប្រធានបទថ្មី នោះគឺការបង្ការទប់ស្កាត់ដោយនុយក្លេអ៊ែរ។ អ្នកដែលជំរុញឱ្យយើងឈានទៅរកការធ្វើបែបនេះ គួរតែយល់ ហើយចាំមើលលទ្ធផលពីការសម្រេចចិត្តរបស់ខ្លួន»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយ TASS អាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ីជាច្រើនគ្រាប់ ត្រូវបានដាក់ពង្រាយនៅបេឡារុស ក្រោមកិច្ចព្រមព្រៀងដែលលោក Lukashenko និងលោក ពូទីន ប្រធានាធិបតីរុស្ស៉ី បានប្រកាសកាលពីឆ្នាំមុន៕