(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យជាភាសាអារ៉ាប់នៃក្រសួងការបរទេសអាមេរិក លោកស្រី Hala Rharrit បានប្រកាសលាឈប់ពីការងារ ជាការបង្ហាញការជំទាស់ ទៅនឹងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ដែលធ្វើឱ្យលោកស្រីក្លាយជាបុគ្គលិកក្រសួងការបរទេសអាមេរិកទី៣ ដែលបានលាឈប់ពីការងារ ជុំវិញបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤។

លោកស្រី Hala Rharrit បានប្រកាសលែងឈប់ពីការងារនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម LinkedIn ជាមួយការបញ្ជាក់ដូច្នេះថា «ខ្ញុំបាន លាឈប់ពីការងារក្នុងខែមេសា ឆ្នាំ២០២៤នេះ ក្រោយបំពេញភារកិច្ចអស់រយៈពេលជាង១៨ឆ្នាំ ជាការបង្ហាញការជំទាស់ទៅនឹងគោលនយោបាយហ្កាហ្សារបស់សហរដ្ឋអាមេរិក»។ នៅពេលត្រូវបានសាកសួរពីការលាឈប់នេះដែរក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយថាខាងក្រសួងមានបណ្ដាញទាក់ទងសម្រាប់ឱ្យ បុគ្គលិកបង្ហាញទស្សនយល់ឃើញរបស់ខ្លួន នៅពេលមានការមិនយល់ស្របជាមួយគោលនយោបាយរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ថា កាលពីជាងមួយខែមុន មន្ត្រីការិយាល័យសិទ្ធិមនុស្សរបស់ក្រសួងការបរទេសអាមេរិក លោកស្រី Annelle Sheline បានប្រកាសលាឈប់ពីការងារ និងមន្ត្រីម្នាក់ទៀតឈ្មោះ Josh Paul បានលាឈប់កាលពីខែតុលា ឆ្នាំ២០២៣។ ចំណែក កាលពីខែមករា ដើមឆ្នាំ២០២៤ មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំអាមេរិក លោក Tariq Habash ដែលជាពលរដ្ឋអាមេរិកដើមកំណើតប៉ាឡេស្ទីន ក៏បានលាឈប់ពីការងារផងដែរ។ សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងរងការរិះគន់យ៉ាងខ្លាំង ជុំវិញគោលនយោបាយរបស់ខ្លួនចំពោះសង្រ្គាមក្នុងតំបន់ហ្កាហ្សា ដ្បិតដៃម្ខាងផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនហ្កាហ្សា និងដៃម្ខាងទៀតបន្តផ្ដល់ជំនួយ យោធាក្នុងនោះមានទាំងគ្រាប់បែកឱ្យអ៉ីស្រាអែលបន្តទម្លាក់លើតំបន់ហ្កាហ្សា ដោយមិនគិតពីទុក្ខវេទនារបស់ជនស៊ីវិល៕