(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គាំទ្រដល់សេរីភាពបញ្ចេញមតិនៅតាមសាកលវិទ្យាល័យនៅទូទាំងសហរដ្ឋអាមេរិក។ នេះគឺជាការបញ្ជាក់របស់សេតវិមាន ខណៈនិស្សិតនៅតាមសាកលវិទ្យាល័យជាច្រើននាំគ្នាបាតុកម្មតវ៉ាប្រឆាំងនឹងសង្រ្គាមរបស់អ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP បាតុកម្មតវ៉ាបានកើតឡើងនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែមេសា តួយ៉ាងដូចជា នៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉ក ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនយោបាយអាមេរិក។ ក្រុមបាតុករជា និស្សិតបាននិយាយថាពួកគេធ្វើការតវ៉ា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ជាទីដែលក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសអះអាងថា ចំនួនអ្នកស្លាប់ក្នុងសង្រ្គាមបានកើនដល់ ៣៤ ២០០នាក់ហើយ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ។

ក៏ប៉ុន្តែ ក្រុមបាតុករគាំទ្រអ៉ីស្រាអែល និងមជ្ឈដ្ឋានខ្លះបានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពនៅតាមសាកលវិទ្យាល័យអាមេរិក ដោយសំអាងពីការកើនឡើងនៃគំនិតស្អប់ ជនជាតិអ៉ីស្រាអែល។ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី បៃដិន ជឿជាក់ថា សេរីភាពបញ្ចេញមតិ ការតស៊ូមតិ និងការមិនរើសអើងនៅតាមសាកលវិទ្យាល័យគឺជារឿងដ៏សំខាន់។ តាមអ្នកនាំពាក្យរូបនេះ លោក បៃដិនបង្ហាញការគាំទ្រដល់សេរីភាពបញ្ចេញមតិ តែប្រឆាំងដាច់ខាតនឹងគំនិតស្អប់ជនជាតិអ៉ីស្រាអែល នៅតាមសាកលវិទ្យាល័យ។

គួរបញ្ជាក់ថា នៅចំពោះមុខការកើនឡើងការខឹងសម្បារពាក់ព័ន្ធនឹងការស្លាប់របស់ជនស៊ីវិលក្នុងតំបន់ហ្កាហ្សា ជាពិសេសនៅក្នុងចំណោមយុវជនអាមេរិក ទីក្រុងវ៉ាស៊ីនតោនកំពុងដើរ យ៉ាងប្រុងប្រយ័ត្នក្នុងការគាំទ្រអ៉ីស្រាអែល ស្របពេលលោក បៃដិន កំពុងឈរឈ្មោះប្រជែងយកតំណែងប្រធានាធិបតីមួយអាណត្តិទៀតក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែ កាលពីថ្ងៃពុធ ខណៈសេតវិមានសុំការបកស្រាយពីអ៉ីស្រាអែល ជុំវិញសេចក្ដីរាយការណ៍ពីការរកឃើញផ្នូរបញ្ចុះសពជាច្រើនក្នុងមន្ទីរពេទ្យនៃតំបន់ហ្កាហ្សា រដ្ឋបាលលោក បៃដិន ក្នុងថ្ងៃតែមួយ បានអនុម័តកញ្ចប់ជំនួយយោធារាប់ពាន់លានដុល្លារសម្រាប់អ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួននៅមជ្ឈិមបូព៌ា៕