(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X នាថ្ងៃអង្គារនេះ ដោយចាត់ទុកការប្រកាសដាក់ទណ្ឌក​ម្មរបស់សហភាពអឺរ៉ុប (EU) ជុំវិញការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែលជារឿង «គួរឱ្យសោយស្តាយ» ពីព្រោះអ៉ីរ៉ង់ធ្វើសកម្មភាពដើម្បីការពារខ្លួនប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ ២០២៤។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេស EU បានយល់ព្រមជាគោលការណ៍ដើម្បីបង្កើនការដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ ដោយការរឹតបន្តឹងកាន់តែខ្លាំងទៅលើការនាំចេញអាវុធរបស់ទីក្រុងតេហេរ៉ង់ ដូចជាយន្តហោះដ្រូន មីស៉ីល ទៅឱ្យតួអង្គតំណាងសង្រ្គាមរបស់ខ្លួន និងរុស្ស៉ី។ ប៉ុន្តែ ការងារបន្ថែមទៀតនឹងត្រូវធ្វើតាមកិច្ចប្រជុំទីក្រុងព្រុចសែល ដើម្បីឈានដល់ការអនុម័តក្របខ័ណ្ឌច្បាប់ មុនពេលការពង្រីកទណ្ឌកម្មអាចចូលជាធរមាន។

សារលើបណ្តាញសង្គម X របស់លោក Amirabdollahian លើបណ្តាញសង្គម X មុនពេលអំពាវនាវឱ្យមាន ការដាក់ទណ្ឌកម្មលើអ៉ីស្រាអែលផងនោះ មានខ្លឹមសារថា «វាជាការសោកស្តាយដែលឃើញថាសហភាពអឺរ៉ុប សម្រេចចិត្តឆាប់រហ័សដើម្បីអនុវត្តការរឹតបន្តឹងថែមទៀតមកលើអ៉ីរ៉ង់ ដោយសារតែអ៉ីរ៉ង់អ​នុវត្តសិទ្ធិការពារខ្លួនឯង ឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាន ដោយមិនប្រុងប្រយ័ត្នរបស់អ៉ីស្រាអែល»

គួរបញ្ជាក់ថា អ៉ីរ៉ង់ បានបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលជាង ៣០០គ្រឿង និងគ្រាប់ទៅលើទឹកដីអ៉ីស្រាអែល ដោយនិយាយថា វាជាការសងសឹកប្រឆាំងនឹងអ៉ីស្រាអែល ដែលសង្ស័យថាបានទម្លាក់គ្រាប់បែកលើអគារកុងស៊ុល ក្នុងស្ថានទូតអ៉ីរ៉ង ប្រចាំនៅប្រទេសស៉ីរី៕