(សេអ៊ូល)៖ ចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងបង្កើនការប្រឈមមុខដាក់គ្នាដោយយោធា តាមរយៈការដាក់ពង្រាយប្រព័ន្ធមីស៊ីលដ៏មានថាមពលមួយដែលអាចបាញ់បាន ចម្ងាយ ១៦០០គីឡូម៉ែត្រ នៅក្នុងការធ្វើសមយុទ្ធយោធានៅក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

តាម CNN ប្រព័ន្ធមីស៊ីល Mid-Range Capability (MRC) របស់កងទ័ពអាមេរិកត្រូវបានបញ្ជូនទៅដល់ប្រទេសហ្វីលីពីន ចំពេលសមយុទ្ធយោធាប្រចាំឆ្នាំរវាងហ្វីលីពីន និងអាមេរិក មានឈ្មោះថា Balikatan ឬមានន័យថា «ប្រកៀកស្មាគ្នា»​ បានចាប់ផ្ដើមប្រព្រឹត្តទៅពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា និងការកើនឡើងការប្រឈមមុខដាក់គ្នារវាង ចិន និងហ្វីលីពីន ក្នុងតំបន់ជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូង។

នេះជាការដាក់ពង្រាយប្រព័ន្ធមីស៊ីល MRC ឬគេស្គាល់ Typhon system ជាលើកដំបូងបំផុតក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប៉ុន្តែ យោធាអាមេរិកមិនបានបញ្ជាក់ថាតើប្រព័ន្ធមីស៊ីលនេះ នឹងត្រូវដាក់ពង្រាយក្នុងប្រទេសហ្វីលីពីនដល់ពេលណានោះទេ ខណៈប្រព័ន្ធមីស៊ីលនេះបានចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល ចាប់តាំងពីថ្ងៃទី៨ ខែមេសាមកម្ល៉េះ។ ក្រុមអ្នកវិភាគមកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ CSIS មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល MRC ក្នុងការធ្វើសមយុទ្ធជាមួយហ្វីលីពីន គឺជាចេតនាមួយរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនសារមួយថាអាមេរិកមានសមត្ថភាពដាក់ពង្រាយអាវុធ វាយលុកដែលមានសមត្ថភាពវាយប្រហារលើមូលដ្ឋានចិនក្នុងតំបន់សមុទ្រចិនខាងត្បូង ភាគខាងត្បូងរបស់ចិន រួមទាំងច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា បើតាម CSIS ប្រព័ន្ធមីស៊ីល MRC មានសមត្ថភាពបាញ់មីស៊ីល Standard Missile 6 (SM-6) ជាប្រភេទមីស៊ីលបាលិស្ទីគអាចវាយប្រហារលើនាវាចម្បាំង ក្នុងរយៈចម្ងាយ ៣៧០គីឡូម៉ែត្រ ព្រមទាំងអាចបាញ់មីស៊ីលគ្រូស Tomahawk ដែលមានចម្ងាយបាញ់ ១៦០០គីឡូម៉ែត្រផងដែរ។ ទីក្រុងប៉េកាំងបានចោទប្រកាន់ថាវត្តមាន ប្រព័ន្ធមីស៊ីលនេះក្នុងតំបន់ នឹងបង្កើនហានិភ័យនៃការភ័ន្តច្រឡំ និងការគណនាខុស ជាមួយការសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកកំពុងស្វែងរកអត្ថាប្រយោជន៍យោធាឯកតោភាគី ហើយចិនជំទាស់ដាច់ខាត ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះ៕