(ប៉េកាំង)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកាណាដា លោក Cong Peiwu ដែលបម្រើការតាំងពីឆ្នាំ២០១៩មក បានលាលែងចេញពីមុខតំណែងរបស់លោក ហើយត្រឡប់ ទៅកាន់ប្រទេសចិនវិញ ខណៈដំណឹងនេះ​លេចឮ​ឡើងចំ​ពេលមាន​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ការទូត​ជាន់ខ្ពស់​កាណាដា​នៅប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

ព័ត៌មានស្ដីពីការលាលែងពីតំណែងរបស់លោក Cong Peiwu ត្រូវបានរាយការណ៍មុនគេដោយសារព័ត៌មាន The Globe និង Mail។ ជុំវិញព័ត៌មានលម្អិតថាតើហេតុអ្វីបានជា លោក Cong ចាកចេញពីមុខតំណែងនោះ នៅមិនទាន់មានការបញ្ជាក់ទេ។ រីឯស្ថានទូតចិនប្រចាំទីក្រុងអូតាវ៉ា ក៏មិនទាន់ឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយដែរ។

ថ្មីៗនេះ ក្រសួងការបរទេសចិនទើបនឹងប្រកាសថា អនុរដ្ឋមន្រ្តីការបរទេស លោក Ma Zhaoxu បានបើកកិច្ចពិភាក្សាជាមួយអនុរដ្ឋមន្រ្តីការបរទេសកាណាដា លោក David Morrison អំឡុងទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសចិន ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងចិន-កាណាដា ក៏ដូចជាបញ្ហាផ្សេងៗ ដែលរួមមានកត្តាផលប្រយោជន៍ និងក្តីបារម្ភនានា។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងអូតាវ៉ា និងទីក្រុងប៉េកាំង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០១៨មក នៅពេលដែលប៉ូលិសកាណាដាឃាត់ខ្លួន ប្រធានផ្នែក ហិរញ្ញវត្ថុនៃក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei Technologies លោកស្រី Meng Wanzhou តាមដីការបស់សហរដ្ឋអាមេរិក។ ក្រោយមក ជនជាតិកាណាដា ២រូបឈ្មោះ Michael Spavor និង Michael Kovrig ត្រូវបានចិនចាប់ឃុំខ្លួន។ ប៉ុន្តែពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីឆ្នាំ២០២១។

ទីក្រុងប៉េកាំង​ និងទីក្រុងអូតាវ៉ា ក៏មើលមុខគ្នាមិនចំផងដែរ ជុំវិញការរឹតបន្តឹងច្បាប់សន្តិសុខរបស់ទីក្រុងហុងកុង ដោយកាលណោះ កាណាដាបានថ្កោលទោស និងការចោទប្រកាន់ថា ចិនបានជ្រៀតជ្រែកការបោះឆ្នោតនៅកាណាដា ប៉ុន្តែចិនបានបដិសេធ ហើយទីភ្នាក់ងាររដ្ឋាភិបាលកាណាដា កំពុងស៉ើបអង្កេតលើករណីនេះ៕