(អ៉ីស្តង់ប៊ុល)៖ ប្រធានាធីបតីតួកគី លោក Tayyip Erdogan បានពិភាក្សាអំពីកិច្ចប្រឹងប្រែង ដើម្បីនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ Gaza និងដើម្បីស្វែងរកសន្តិភាព ដែលយុត្តិធម៌និងយូរអង្វែងមួយ នៅក្នុងតំបន់ អំឡុងជំនួបរបស់លោក ជាមួយមេដឹកនាំចលនាហាម៉ាស លោក Ismail Haniyeh នៅឯទីក្រុង Istanbul កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។

វាគឺជាជំនួបលើកដំបូងបំផុតរវាងលោក Erdogan និងលោក Haniyeh ចាប់តាំងពីអ៉ីស្រាអែលបានចាប់ផ្តើមធ្វើសង្រ្គាមបច្ចុប្បន្ននៅ Gaza។ ទស្សនកិច្ចរបស់លោក Haniyeh នៅប្រទេសតួកគី កើតមានឡើង នៅរយៈពេល៣ថ្ងៃ បន្ទាប់ពីរូបលោកបានជួបរដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan ក្នុងទីក្រុង Doha នៃប្រទេសកាតា។ ដំណើរទស្សនកិច្ចនេះទៀតសោត គឺចំពេលដែលភាពតានតឹងក្នុងតំបន់ បាននិងកំពុងតែកើនឡើងថែមមួយកម្រិតទៀត ក្រោយមានសេចក្តីរាយការណ៍អំពី ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលទៅលើអ៉ីរ៉ង់ ក្នុងសប្តាហ៍នេះ។

តួកគីដែលជាសមាជិកអង្គការ NATO បានចេញមុខរិះគន់ខ្លាំងៗ ចំពោះសង្រ្គាមអ៉ីស្រាអែល នៅ Gaza ហើយអំពាវនាវឱ្យមាន​បទឈប់បាញ់ជាបន្ទាន់។ លោក Erdogan បានហៅហាម៉ាស ជាចលនាតស៊ូរំដោះជាតិ ហើយទន្ទឹមគ្នា លោកបានថ្កោលទោស ចំពោះក្រុមប្រទេសលោកខាងលិច សម្រាប់អ្វីដែលលោកហៅថា ការផ្តល់ការគាំទ្រដោយឥតលក្ខខណ្ឌរបស់ពួកគេ​ដល់អ៉ីស្រាអែល។ ទីក្រុងអង់ការ៉ា ក៏បានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច លើអ៉ីស្រាអែលផងដែរ។

ក្នុងជំនួបកាលពីថ្ងៃសៅរ៍ លោក Erdogan បានប្រាប់លោក Haniyeh ថា តួកគីនឹងបន្តកិច្ចប្រឹងប្រែងការទូតរបស់ខ្លួន ដើម្បីជួយសម្រេចឱ្យបាន នូវបទឈប់បាញ់អចិន្រ្តៃយ៍មួយ ព្រមទាំងដើម្បីការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីនមួយ។ នាឱកាសនោះ លោក Erdogan ក៏បានប្រាប់លោក Haniyeh ដែរថា វាគឺជារឿងសំខាន់សម្រាប់ឱ្យជនជាតិប៉ាឡេស្ទីន ធ្វើសកម្មភាពដោយរួមសាមគ្គីគ្នា។

គួរបញ្ជាក់ថា ក្រុមហាម៉ាសប៉ាឡេស្ទីន បានដណ្តើមការគ្រប់គ្រងនៅតំបន់ Gaza កាលពីឆ្នាំ២០០៧ ពោលគឺ១ឆ្នាំក្រោយផ្ទុះសង្រ្គាមស៉ីវិលរយៈពេលខ្លី ​ជាមួយក្រុមហ្វាតារបស់អាជ្ញាធរប៉ាឡេស្ទីន ជាហេតុនាំឱ្យអាជ្ញាធរប៉ាឡេស្ទីន សព្វថ្ងៃមានអំណាចក្នុងកម្រិតរឹតត្បិត នៅឯតំបន់ West Bank ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល។ កិច្ចប្រឹងប្រែងដើម្បីផ្សះផ្សាភាគីប៉ាឡេស្ទីនទាំង២ មកទល់ពេលមិនទទួលបានជោគជ័យឡើយ ដោយសារតែបញ្ហានៃការចែករំលែកអំណាចគ្នា៕