(មូស្គូ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទីក្រុងមូស្គូបានចេញមុខរិះគន់ ការអនុម័តរបស់សភាតំណាងរាស្រ្តអាមេរិក ចំពោះកញ្ចប់ថវិកាជំនួយ​ទំហំជិត១០០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន អ៉ីស្រាអែល និងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានសរសេរនៅលើប្រព័ន្ធ Telegram ថា ការផ្តល់ជំនួយយោធា​របស់សហរដ្ឋអាមេរិក ឱ្យទៅអ៊ុយក្រែន អ៉ីស្រាអែល ព្រមទាំងតៃវ៉ាន់ មុខជានឹងបង្កឱ្យវិបត្តិពិភពលោក កាន់តែយ៉ាប់យ៉ឺនថែមទៀត។ លោកស្រី Zakharova បានលើកឡើងថា ជំនួយសម្រាប់ទីក្រុងកៀវគឺជា «ការគាំទ្រដោយផ្ទាល់ចំពោះសកម្មភាពភេរវកម្ម» ហើយថា ជំនួយសម្រាប់តៃវ៉ាន់គឺជា «សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។ លោកស្រីអ្នកនាំពាក្យបានបន្ថែមថា សម្រាប់ការគាំទ្រអ៉ីស្រាអែលវិញ គឺស្មើនឹងបន្តធ្វើឱ្យស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា កាន់តែអាក្រក់ខ្លាំងឡើង។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់មួយ ស្តីពីការផ្តល់កញ្ចប់ជំនួយសរុបចំនួន ​៩៥ពាន់លានដុល្លារ ក្នុងនោះជាង៦០ពាន់លានដុល្លារ ផ្តោតលើវិបត្តិសង្រ្គាមអ៊ុយក្រែន។ នាពេលនេះ វានឹងត្រូវឆ្លងកាត់ការអនុម័តនៅឯ​ព្រឹទ្ធសភាអាមេរិក មុនពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចចុះហត្ថលេខាជាផ្លូវការ។ សភាអាមេរិក មិនបានអនុម័តកញ្ចប់ថវិកាជំនួយទ្រង់ទ្រាយធំណាមួយឡើយ សម្រាប់អ៊ុយក្រែន គិតចាប់ពី​ខែធ្នូ ឆ្នាំ២០២២មក ដោយសារបញ្ហាខ្វែងគំនិតគ្នា រវាងបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខសម្តែងការអរគុណ សម្រាប់ការអនុម័តកញ្ចប់ជំនួយធំខាងលើ ខណៈកន្លងមក រូបលោកបានលើកឡើងថា ប្រសិនបើគ្មានជំនួយយោធាពី​សហរដ្ឋអាមេរិកទេ នោះប្រទេសរបស់លោកនឹងចាញ់សង្រ្គាមមិនខាន៕