(គៀវ)៖ រដ្ឋមន្ត្រីការបរទេសទីក្រុងគៀវ បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការបរទេស នៃមហាអំណាចទាំងប្រាំពីរ ឬ G7 បានកំណត់រួចហើយនូវ «ជំហានជាក់លាក់» ដែលចាំបាច់ ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី ដោយព្រមានថា អឺរ៉ុបអាចនឹងធ្លាក់ចូលទៅក្នុងសង្រ្គាម ប្រសិនបើរុស្ស៊ីឈ្នះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

លោក Dmytro Kuleba បានប្រាប់អ្នកយកព័ត៌មាន នៅលើកោះ Capri នៃប្រទេសអ៊ីតាលី ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេស G7 កំពុងជួបប្រជុំគ្នានៅទីនោះ យ៉ាងដូច្នេះថា «យើងបានកំណត់នូវជំហានជាក់លាក់ ដែលដៃគូលោកខាងលិច នឹងចាត់វិធានការដើម្បីជួយអ៊ុយក្រែន»។

លោកបានបន្ថែមថា ប្រទេសលោកខាងលិចមានសមត្ថភាព «ផ្តល់ឱ្យអ៊ុយក្រែននូវធនធានចាំបាច់ទាំងអស់ភ្លាមៗ ដើម្បីជួយសង្រ្គោះអឺរ៉ុបពីសង្រ្គាមធំជាងនេះ» ទោះ​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​ទៀត​អំពី​ការ​លើក​ឡើង​នេះ​ទេ៕