(តេហេរ៉ង់)៖ ទិន្នន័យតាមដានការហោះហើរ បានបង្ហាញថា នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍នានា បានផ្លាស់ប្តូរផ្លូវហោះហើរភ្លាមៗ ដែលត្រូវឆ្លងកាត់ដែនអាកាសអ៉ីរ៉ង់ តាមរយៈការបង្វែរទិសដៅទៅចុះចតនៅអាកាសយានដ្ឋានផ្សេង ឬត្រឡប់ទៅកាន់ទីចេញដំណើររបស់ខ្លួនវិញ តបតាមការប្រកាសបិទដែនអាកាសអ៉ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ ២០២៤។

គេហទំព័រតាមដានការហោះហើរ FlightRadar24 បានឱ្យដឹងថា អ៉ីរ៉ង់ បានបិទអាកាសយានដ្ឋានក្នុងទីក្រុង Tehran, Shiraz និង Isfahan ព្រមទាំងលុបចោលនូវជើងហោះហើរមកពីតំបន់ភាគខាងលិច នៃដែនអាកាសរបស់ខ្លួន ក្នុងរយៈពេលពីរបីម៉ោង ក្រោយការវាយប្រហារ។ បន្ទាប់មកអាកាសយានដ្ឋាន និងដែនអាកាសត្រូវបានបើកឡើងវិញ។

មុនពេលមានការបើកឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ Flydubai បានឱ្យដឹងថា ខ្លួនបានលុបចោលជើងហោះហើរទាំងអស់ ទៅកាន់អ៉ីរ៉ង់ ហើយមួយជើងក្នុងចំណោមនោះត្រូវហោះត្រឡប់មកទីក្រុងឌូបៃវិញ។ រីឯ ជើងហោះហើរមួយចេញពីទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ឆ្ពោះមកតេហេរ៉ង់ ត្រូវបង្វែរទៅចុះនៅទីក្រុងអង់ការ៉ា ប្រទេសតួកគីវិញ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍លោកខាងលិច និងអាស៉ី ក៏បានផ្អាកជើងហោះហើររបស់ខ្លួន និងបិទដែនអាកាស មុនពេលអ៉ីស្រាអែល បើកការវាយប្រហារសងសឹកទៅនឹងការបាញ់ស្រោចដ្រូន និងមីស៉ីលរបស់អ៉ីរ៉ង់កាលពីសប្តាហ៍មុន៕