(ឡុងដ៍)៖ រុស្ស៊ីបានបង្កើនល្បឿនវាយប្រហារដាក់មកលើអ៊ុយក្រែន ដែលខ្វះគ្រឿងសព្វាវុធទប់ទល់ ដែលធ្វើឱ្យស្ថានការណ៍សឹក នៅលើសមរភូមិភាគខាងកើត កាន់តែមានសភាពយ៉ាប់យ៉ឺន បើសិនជាគ្មានជំនួយអាវុធគ្រប់គ្រាន់ដល់អ៊ុយក្រែន ក្នុងការទប់ទល់ឡើយ។ ឧត្តមសេនីយ Richard Barrons អតីតមេបញ្ជាការ នៃបញ្ជាការដ្ឋានកងកម្លាំងរួមរបស់ចក្រភពអង់គ្លេស បានថ្លែងថាអ៊ុយក្រែន អាចប្រឈមមុខនឹងបរាជ័យក្នុងការធ្វើសង្គ្រាមប្រឆាំងរុស្ស៊ីនៅ ឆ្នាំ ២០២៤។ ស្ថាប័នសភាតំណាងរាស្ត្រអាមេរិក នាពេលនេះ កំពុងតែស្ទុះស្ទារដើម្បីរកការជួយ អនុម័តកញ្ចប់ជំនួយយោធា៦១ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការទប់ទល់ និងស្តារស្ថានការណ៍សឹកឡើងវិញ។

អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានកងកម្លាំងរួមរបស់ចក្រភពអង់គ្លេសបានថ្លែងថាអ៊ុយក្រែន អាចប្រឈមមុខនឹងបរាជ័យ ក្នុងការធ្វើសង្គ្រាមប្រឆាំងរុស្ស៊ីនៅឆ្នាំ២០២៤។ ទីភ្នាក់ងារ BBC បានដកស្រង់សម្តីរបស់ឧត្តមសេនីយ Richard Barrons ដែលបញ្ជាក់ថាឆ្នាំ ២០២៤នេះអ៊ុយក្រែនរង "ហានិភ័យធ្ងន់ធ្ងរ" ដែលអាចឈានដល់ការចាញ់សង្គ្រាម គ្រាដែល ការវាយប្រហារនៅលើសមរភូមិនោះ រុស្ស៊ីកំពុងតែមានប្រៀបលើអ៊ុយក្រែន ទាំងអាវុធនិង កម្លាំងទាហាន។

ឧត្តមសេនីយរូប នោះបាននិយាយថា មូលហេតុធំមួយដែលគេអាចមើលឃើញថាអ៊ុយក្រែន អាចប្រឈមនឹងការចាញ់សង្គ្រាមនោះ គឺ "ដោយសារអ៊ុយក្រែនអាចនឹង មានអារម្មណ៍ថាពួកគេនឹងមិនអាចឈ្នះសង្គ្រាមនេះបានឡើយ"។ ឧត្តមសេនីយរូបនោះ បានបន្តទៀតថា «ហើយនៅពេលនិយាយដល់ចំណុចហ្នឹងហើយ ហេតុអ្វីបានជាមានមនុស្សចង់ប្រយុទ្ធក្នុងរយៈពេលយូរ និងធ្វើឱ្យមានមនុស្សស្លាប់ថែមទៀត ដើម្បីការការពារនូវអ្វីដែលគេមិនអាចការពារបាននោះ?»។

ប៉ុន្តែអ៊ុយក្រែននៅមិនទាន់ដល់ចំណុចចុងក្រោយរបស់ខ្លួននោះនៅឡើយទេ។ អ៊ុយក្រែន ដែលទន្ទឹងរង់ចាំជំនួយពីសហរដ្ឋអាមេរិក និងពីប្រទេសលោកខាងលិច ត្រូវគេរាយការណ៍ថា កំពុងតែប្រយុទ្ធយ៉ាងស្វាហាប់នៅលើសមរភូមិ និងថែមទាំងមានឱកាស វាយប្រហារដាក់លើ ទឹកដីរបស់រុស្ស៊ីថែមទៀតផងដែរ បើទោះបីជាការប្រយុទ្ធលើសមរភូមិបាន បង្ហាញថាកម្លាំងប្រយុទ្ធ របស់អ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះគ្រាប់រំសេវ, ខ្វះកម្លាំងទាហាន និងខ្វះអាវុធការពារដែនអាកាសក៏ដោយ។

ឧត្តមសេនីយ Richard Barrons បានថ្លែងជុំវិញឱកាសឈ្នះ របស់អ៊ុយក្រែនក្នុងរដូវប្រាំងឆ្នាំ ២០២៣បានកន្លងផុត និងក្នុងឆ្នាំ២០២៤នេះវិញ ក្នុងពេលដែលអ៊ុយក្រែន រងការខ្វះគ្រាប់រំ សេវនិងកម្លាំងមនុស្ស រុស្ស៊ីបានចាប់ផ្តើមប្រើកម្លាំងវាយលុក របស់ខ្លួនដាក់មកលើអ៊ុយក្រែន ដែលធ្វើឱ្យប្រៀបប្រយុទ្ធនៅលើសមរភូមិ គឺរុស្ស៊ីកំពុងតែមានឥទ្ធិពលគាបសង្កត់។

**តើនឹងមានអ្វីកើតឡើង…តើគោលដៅយុទ្ធសាស្ត្ររបស់អ៊ុយក្រែននឹងត្រូវរៀបចំធ្វើយ៉ាងណា ដើម្បីរារាំងកម្លាំងវាយលុករបស់រុស្ស៊ី?

កម្លាំងរុស្ស៊ី បានចាប់ផ្តើមវាយបកដាក់មកលើអ៊ុយក្រែនវិញ ចាប់តាំងពីចុងឆ្នាំ២០២៣ នៅ ពេលអ៊ុយក្រែនបានបង្ហាញ ស្ថានភាពខ្វះគ្រាប់រំសេវ និងទន្ទឹមពិភពលោក បានបង្វែរការចាប់អារម្មណ៍ ទៅកាន់សង្គ្រាមមួយទៀតកើតឡើងក្នុងតំបន់មជ្ឈិមបូព៌ា។ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងរាលដាលដល់ប្រទេសជិតខាងក្នុងតំបន់ និងថ្មីៗនេះទៀតបានរាល ដាលប៉ះពាល់ផលប្រយោជន៍ដល់អ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ដែលជម្រុញឱ្យអ៊ីរ៉ង់ធ្វើការបាញ់ស្រោចដ្រូន និងមីស៊ីលបាលីស្ទីក ជាង៣០០គ្រាប់ ដាក់មកលើទឹកដីអ៊ីស្រាអែល។ ភាពឃ្លាតឆ្ងាយនៃការយកចិត្តទុកដាក់ចេញពីសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីដោយសារតែការផ្ទុះសង្គ្រាម នៅមជ្ឈិមបូព៌ានោះ មិនមែនជារឿងល្អ សម្រាប់អ៊ុយក្រែនឡើយ។ ម្យ៉ាងទៀតការវាយប្រហារ បីខែដើមឆ្នាំ២០២៤ចុងក្រោយនេះទៀត រុស្ស៊ីនៅបានដណ្តើមយកទឹកដីខ្លះថែមទៀតដូចជា ក្រុង Adiivka នោះជាដើម ដែលធ្វើឱ្យស្ថានការណ៍សឹក កាន់តែរងភាពធ្ងន់ធ្ងរនៅលើសមរភូមិ ដោយសារតែការខ្វះអាវុធយុទ្ធភណ្ឌតទល់នឹងការវាយលុករបស់រុស្ស៊ី។

ឧត្តមសេនីយ Richard Barrons បាននិយាយថា រូបភាពនៃការវាយលុករបស់រុស្ស៊ីនៅលើ សមរភូមិត្រូវបានគេឃើញយ៉ាងច្បាស់…រុស្ស៊ីមានប្រៀបដូចជាកម្លាំង៥ទល់នឹងមួយ ទាំងអាវុធ និងកម្លាំងទាហាននៅលើសមរភូមិ។ សេចក្តីរាយការណ៍បានបង្ហាញ នូវអាវុធទំនើបដែលរុស្ស៊ី បានប្រើប្រាស់ដូចជាគ្រាប់បែកទម្លាក់ FAB Glide Bomb ដែលជាគ្រាប់បែកបញ្ជាដោយប្រព័ន្ធ GPS និងជាគ្រាប់ផ្ទុកជាតិផ្ទុះខ្លាំងដល់១៥០០គីឡូក្រាម ដែលមានសមត្ថភាពបំផ្លាញដល់ ទីតាំងការពារទប់ទល់របស់អ៊ុយក្រែន នៅលើសមរភូមិ។

ឧត្តមសេនីយ Richard Barrons របស់អង់គ្លេសនិយាយថានៅក្នុងរដូវក្តៅឆ្នាំ២០២៤នេះ គេនឹងឃើញការវាយលុករបស់រុស្ស៊ី ក្នុងទ្រង់ទ្រាយធំដាក់លើសមរភូមិនិងរំពឹងថា រុស្ស៊ីអាចដណ្តើមយកទឹកដីខ្លះបានថែមទៀតពីអ៊ុយក្រែន។ សម្តីវាយតម្លៃ របស់ឧត្តមសេនីយ Richard Barrons ដែលថាអ៊ុយក្រែននឹងប្រឈមហានិភ័យ ចាញ់សង្គ្រាម ក្នុងឆ្នាំ២០២៤នេះ ទោះជាយ៉ាងណាក៏ដោយ ត្រូវបានគេចាត់ទុកថាគឺជាវិធីមួយ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកត្រូវប្រ ញាប់ប្រញាល់អនុម័តកញ្ចប់ជំនួយយោធា៦១ពាន់លាន ដុល្លារដែលកំពុងស្ទះនៅក្នុងស្ថាប័ន សភាតំណាងរាស្ត្រអាមេរិកតែប៉ុណ្ណោះ។

រុស្ស៊ីបានអះអាងថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤ ទឹកដីដែលគេបានកាន់កាប់ក្នុងការ វាយលុកបកទៅវិញនោះ មានទំហំ ៤០៣គីឡូម៉ែត្រក្រឡា។ បច្ចុប្បន្នរុស្ស៊ី បាននិងកំពុងកាន់កាប់ទឹកដីទំហំសារុប១០០ពាន់គីឡូម៉ែត្រក្រឡា ដែលស្មើនឹង១ភាគ៥ នៃទឹកដីអ៊ុយក្រែនទាំង មួលក្នុងនោះរួមមានខេត្ត Donetsk, Kherson, Luhansk និង Zaporizhzhia។

សេចក្តីរាយការណ៍២៤ម៉ោងចុងក្រោយនេះ បានឱ្យដឹងថាការខ្វះគ្រាប់ការពារដែនអាកាស របស់អ៊ុយក្រែន បានបណ្តាលឱ្យ ការវាយប្រហារមួយតាមផ្លូវអាកាស របស់រុស្ស៊ីបានសម្លាប់ មនុស្ស ១៧នាក់នៅ Chernihiv ។ អធិការបតីអាល្លឺម៉ង់ លោក Olaf Sholz បានអំពាវនាវ នៅថ្ងៃទី១៧ មេសាដល់បណ្តាមេដឹកនាំអឺរ៉ុប ត្រូវបញ្ជួនប្រព័ន្ធអាវុធការពារអាកាស Patriots ជាបន្ថែមទៀត ដល់អ៊ុយក្រែនដើម្បីការពារទប់ទល់ចំពោះ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅជាមួយគ្នានេះដែរ បានអំពាវនាវ ប្រទេសជាសមាជិកអង្គការណាតូ គប្បីត្រូវបញ្ចេញអាវុធពីឃ្លាំងដើម្បីជួយអ៊យ ក្រែន។ លោកបានថ្លែងថា បើប្រទេសនៃអង្គការណាតូ កំពុងមានជំរើសត្រូវរក្សាអាវុធដូចតាម ការកំណត់ឱ្យមាននៅក្នុងឃ្លាំងរបស់ខ្លួន និងជំរើសផ្តល់ជំនួយអាវុធដល់អ៊ុយក្រែននោះ គឺលោកស្នើថាសុំយកជំរើស ផ្តល់អាវុធក្នុងឃ្លាំងរបស់ខ្លួនឯង ជួយឱ្យទៅអ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី ទន្ទឹមនឹងនេះ បានសរសេរតាមបណ្តាញសង្គម បញ្ជាក់ថាគេត្រូវការជំនួយគ្រាប់រំសេវនោះ ជាខ្លាំងណាស់នាពេលនេះ។ មន្ត្រីអ៊ុយក្រែន បាននិយាយថា គេត្រូវការប្រព័ន្ធអាវុធការពារអាកាស Patriots ចំនួន៧ដើមជា បន្ថែមទៀត ដោយសារមានតែប្រព័ន្ធអាវុធនេះទេ ដែលអាចមានប្រសិទ្ធភាព បាញ់ទម្លាក់មីស៊ីលលឿន ជាងសម្លេងរបស់រុស្ស៊ីបាន។

បើទោះបីជាស្ថានការណ៍សឹកក្នុងប្រទេសអ៊ុយក្រែន ត្រូវគេមើលឃើញថានឹងប្រឈមភាពលំ បាកយ៉ាងនេះក្តី មេដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី នៅតែរំពឹងថា នឹងអាចស្តារស្ថានការណ៍ របស់ខ្លួនបានវិញបើសិនមានជំនួយពីសហរដ្ឋអាមេរិក។ លោកហ្សេឡិនស្គី ចាត់ទុកថាការ ផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកគឺជារឿងសំខាន់ និងថាបើគ្មានជំនួយពីសហរដ្ឋអាមេរិកនោះ ទេ អ៊ុយក្រែននឹងចាញ់សង្គ្រាម ជាមិនខាន។

នៅក្នុងសហរដ្ឋអាមេរិកនោះវិញ, ប្រធានសភាអាមេរិកលោក Mike Johnson បានរងនឹង សម្ពាធការបោះឆ្នោតបណ្តេញ រូបលោកចេញពីប្រធានសភាអាមេរិក នៅក្នុងជួរគណបក្សសាធារណរដ្ឋប្រសិនណាបើ លោកហ៊ានជួយជំរុញកញ្ចប់ជំនួយយោធាអ៊ុយក្រែន តម្លៃ៦១ ពាន់ លានដុល្លារមែននោះ។ ប៉ុន្តែ លោក Mike Johnson បានបញ្ជាក់កាលពីថ្ងៃទី១៧មេសាថា លោកនៅតែប្រកាន់យកតាម ផែនការរបស់លោក ក្នុងការដាក់ច្បាប់ជំនួយបរទេសយកមកពិភាក្សា រាប់បញ្ចូលទាំងថវិកាជំនួយ សម្រាប់ប្រទេសអ៊ុយក្រែនផងដែរ បើទោះបីជាលោកកំពុងរងសម្ពាធ ពីក្រុមសមាជិក សភាក្នុងរង្វង់ក្រុមគណបក្សសាធារណរដ្ឋក្តី។ ប្រធានាធិបតីអាមេរិក លោកចូបៃដិន បាន ថ្លែងកាលពីថ្ងៃពុធថាលោកគាំទ្រចំពោះសំណើ ដាក់ចេញដោយលោក Mike Johnson ក្នុង ពេលនេះ និងលោកថ្លែងបង្ខំឱ្យស្ថាប័នសភា តំណាងរាស្ត្រត្រូវអនុម័ត កញ្ចប់ជំនួយយោធា ៦១ពាន់លានដុល្លារនោះនៅក្នុងសប្តាហ៍នេះ។ នាពេលនេះ អ្វីដែលគេកំពុងទន្ទឹងរង់ចាំមើលនោះ គឺថាតើគណបក្សសាធារណរដ្ឋដែលកំពុងមានទំនោរ ទៅកាន់លោកដូណាល់ត្រាំដើម្បី បោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីសាឡើងវិញនោះ នឹងផ្តល់ឱកាសជួយដល់អ៊ុយក្រែន នាវេលាទឹកដង្ហើមចុងក្រោយនេះដែរឬ យ៉ាងណា?

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី ក្នុងកិច្ចសម្ភាសន៍មួយនៅវេទិកា Delphi Economic ក្នុងប្រទេសក្រិកក្នុងខែមេសានេះ បានថ្លែងថាលោកនឹង «រីករាយ» ទទួលស្តាប់លោកដូណាល់ ត្រាំលើគំនិតបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ លោក ដូណាល់ត្រាំ បានថ្លែងបញ្ជាក់ជំហររបស់លោករួចមកហើយថា បើសិនជាលោកនឹង ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីម្តងទៀតក្នុងខែវិច្ឆិកាខាងមុខនេះ លោកនឹងធ្វើឱ្យសង្គ្រាម អ៊ុយក្រែននិងរុស្ស៊ីបញ្ចប់ ក្នុងរយៈពេល២៤ម៉ោង។ សេចក្តីរាយការណ៍និយាយថា បើផ្អែកតាម គំនិតរបស់លោកដូណាល់ត្រាំ ដើម្បីបញ្ចប់សង្គ្រាម គឺអ៊ុយក្រែនត្រូវកាត់ទឹកដីភាគខាងកើត របស់ខ្លួនឱ្យទៅរុស្ស៊ី។

លោកហ្សេឡិនស្គីតបនឹងសំណួរចង់ដឹងរបស់ទូរទស្សន៍ស៊ីអិនអិន ទាក់ទងនឹងគំនិតចង់បញ្ចប់ សង្គ្រាមរបស់លោកដូណាល់ត្រាំ បានឆ្លើយប្រាប់ទូរទស្សន៍អាមេរិកនេះវិញថា លោកបាន ដឹងរឿងទាំងនោះពីត្រឹមវេទិកាផ្សាយព័ត៌មានតែប៉ុណ្ណោះ…ប៉ុន្តែតើគំនិតរបស់លោក ដូណាល់ ត្រាំយ៉ាងណា គឺលោកនៅមិនទាន់បានមានឱកាសជួបជជែកគ្នាឡើយ។ លោកហ្សេឡិន ស្គី បានប្រាប់ស៊ីអិនអិនទៀតថា ប្រសិនបើមានឱកាសបែបនោះមែន, លោកនឹងមានក្តីរីករាយ ស្តាប់នូវយោបល់ទាំងនោះនិងបន្ទាប់មក នឹងអាចមាន ការពិភាក្សាគ្នាលើប្រធានបទទាំង នោះវិញ។

ក្រុមអ្នកតាមដានសភាពការណ៍បាននិយាយថា ដើម្បីការអាចបញ្ចប់សង្គ្រាមអ៊ុយក្រែន នេះបាន គឺមធ្យោបាយមានតែមួយគត់នោះ គឺអ៊ុយក្រែនត្រូវបោះបង់ទឹកដីខ្លះរបស់ខ្លួននា ភាគខាងកើតទៅឱ្យរុស្ស៊ីវិញតែប៉ុណ្ណោះ ពីព្រោះលោកដូណាល់ត្រាំ បានបញ្ជាក់រួចមកហើយ ថាបើសិនជាលោកបានក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកវិញនោះ លោកនឹងមិន ផ្តល់ប្រាក់សូម្បីតែមួយសេន ដល់អ៊ុយក្រែនឡើយ៕