(វ៉ាស៊ីនតោន)៖ ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns បានព្រមានថាអ៊ុយក្រែនអាចនឹងចាញ់នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី នៅចុង ឆ្នាំ២០២៤នេះ ប្រសិនបើមិនមានជំនួយយោធាបន្ថែមពីសហរដ្ឋអាមេរិកទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក William Burns ធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថាមួយនៅឯមជ្ឈមណ្ឌល George W. Bush Center កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា និងចំពេល រដ្ឋសភាអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លើកញ្ចប់ជំនួយយោធាថ្មីទំហំ ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលបានជាប់គាំងជាច្រើនខែ មកហើយដោយសារតែការជំទាស់ពីសមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ដូណាល់ ត្រាំ។

តាមលោកប្រមុខ CIA ប្រសិនបើគ្មានជំនួយយោធាថ្មីទេ អ៊ុយក្រែនអាចនឹងចាញ់នៅលើសមរភូមិនៅចុងឆ្នាំ២០២៤នេះ ឬក៏អាចជួយឱ្យលោក ពូទីន ស្ថិតនៅលើ គោលជំហរមួយដែលអាចឱ្យលោកទាញយកផលប្រយោជន៍ ឬសម្បទាននយោបាយ។ ប៉ុន្តែ លោក Burns មិនបានបញ្ជាក់លម្អិតពីនិយមនៃពាក្យចាញ់សង្រ្គាមដែល លោកបានលើកឡើងនោះទេ។

នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋសភាអាមេរិកត្រូវបានគេរំពឹងថានឹងធ្វើការបោះឆ្នោតឆ្នោតលើកញ្ចប់ជំនួយដាច់ដោយឡែកពីគ្នាសម្រាប់ អ៊ុយក្រែន តៃវ៉ាន់ និងអ៉ីស្រាអែលផងដែរ៕