(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក ABC News បានរាយការណ៍ថាមីស៊ីលរបស់អ៉ីស្រាអែល បានវាយប្រហារលើគោលដៅមួយស្ថិតនៅក្នុងទឹកដីអ៉ីរ៉ង់កាលពីយប់ ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី១៩ ខែមេសានេះ បន្ទាប់ពីអ៉ីស្រាអែលព្រមានថានឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់កាលពី សប្ដាហ៍មុន។ នេះបើតាមដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជាមួយគ្នានោះដែរ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars បាននិយាយថាស្នូរផ្ទុះមួយបានកើតឡើងនៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង Isafahan តែមិនទាន់ដឹងពី មូលហេតុនៅឡើយទេ។ ចំណែកទូរទស្សន៍អាមេរិក CNN វិញក៏បានរាយការណ៍ដែរថាជើងហោះហើរជាច្រើនត្រូវបង្វែរទិសដៅហោះហើរចេញពីដែនអាកាសអ៉ីរ៉ង់។

កាលពីចុងសប្ដាហ៍មុន អ៉ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនជាង៣០០គ្រាប់ និងគ្រឿងលើអ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែលលើ ស្ថានកុងស៊ុលអ៉ីរ៉ង់ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី ដោយសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍អ៉ីរ៉ង់២នាក់។ ការវាយប្រហារនេះមិនបានបង្កការខូចខាត ធ្ងន់នោះទេ ហើយមីស៊ីល និងដ្រូនភាគច្រើនរបស់អ៉ីរ៉ង់ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងអ៉ីស្រាអែលដោយមានការជួយពីសហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់។

អ៉ីរ៉ង់វិញ ក៏បានព្រមានដែរថានឹងសងសឹកវិញខ្លាំងជាងនេះ ប្រសិនបើអ៉ីស្រាអែលហ៊ានបង្ករឿង ឬបើកការវាយប្រហារណាមួយសងសឹកលើអ៉ីរ៉ង់៕