(អុននៀរ៉ា)៖ នៅថ្ងៃពុធនេះ ប្រទេសដីកោះសូឡូម៉ុន បានចាប់ផ្តើមការបោះឆ្នោតជាតិលើកដំបូងហើយ ចាប់តាំងពីនាយករដ្ឋមន្រ្តី លោក Manasseh Sogavare សម្រេចបាន កិច្ចព្រមព្រៀងសន្តិសុខជាមួយចិន ដែលនាំឱ្យប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិកមួយនេះ ខិតកាន់តែជិតទៅរកទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤។

គណបក្សប្រឆាំងនៅសូឡូម៉ុន បានឱ្យដឹងថា លទ្ធផលនៃការបោះឆ្នោតនឹងត្រូវតាមដានយ៉ាងដិតដល់ពីសំណាក់សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី ចំពោះផលប៉ះពាល់ដ៏មានសក្តានុពល របស់ខ្លួនទៅលើសន្តិសុខក្នុងតំបន់ ទោះបីជាអ្នកបោះឆ្នោតសូឡូម៉ុនផ្ទាល់ ផ្តោតតែលើសេវាសុខភាព ការអប់រំ និងកង្វះខាតផ្លូវធ្វើដំណើរក៏ដោយ។ ការិយាល័យបោះឆ្នោតបានបើក ដំណើរការ នៅវេលាម៉ោង ៧ព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) ដោយការបោះឆ្នោតជាតិ និងថ្នាក់ខេត្តរៀបចំនៅក្នុងថ្ងៃតែមួយ។ សមាជិកសភាចំនួន ៥០រូបនឹងត្រូវបោះឆ្នោតជ្រើសរើស សម្រាប់ ១អាណត្តិមានរយៈពេល ៤ឆ្នាំ។ ចំណែក នាយករដ្ឋមន្ត្រីនឹងត្រូវជ្រើសរើស បន្ទាប់ពីការបោះឆ្នោតរបស់សមាជិកសភាដែលទើបជាប់ឆ្នោតថ្មី ហើយដំណើរការអាចប្រើពេល ច្រើនសប្តាហ៍។

ប៉ូលិសមកពីអូស្ត្រាលី នូវែលសេឡង់ ប៉ាពួអាស៉ីនូវែលហ្គីណេ និងហ្វីជី កំពុងជួយដល់កងកម្លាំងប៉ូលិស Royal Solomon Islands របស់សូឡូម៉ុន ជាមួយនិងការរក្សាសន្តិសុខ។ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកពីអូស្ត្រាលី នូវែលសេឡង់ ប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិកដ៏ទៃទៀត ជប៉ុន អឺរ៉ុប សហរដ្ឋអាមេរិក នឹងតាមដានការបោះឆ្នោត ក៏ដូចជាដំណើរការរាប់សន្លឹកឆ្នោត។

គួរបញ្ជាក់ថា ប្រទេសដីកោះសូឡូម៉ុន មានប្រជាជនត្រឹមតែ ៧០០,០០០នាក់ប៉ុណ្ណោះ តែស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រប្រវែង ១,៦០០គីឡូម៉ែត្រ ភាគឦសាននៃប្រទេសអូស្ត្រាលី៕