(សេអ៊ូល)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield នៅថ្ងៃពុធ ទី១៧ ខែមេសានេះបាននិយាយថាលោកស្រី មិនជឿនោះទេថាដំណោះស្រាយ UN មួយផ្ដល់អនុសាសន៍ឱ្យអាជ្ញាធរប៉ាឡេស្ទីនក្លាយជាសមាជិក UN ពេញសិទ្ធិ នឹងអាចនាំទៅរកដំណោះស្រាយរដ្ឋ២ សម្រាប់ជម្លោះរវាង អ៉ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Thomas-Greenfield ធ្វើការកត់សម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីត្រូវបានសាកសួរថាតើសហរដ្ឋអាមេរិកនឹងទទួលស្គាល់សំណើរបស់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិក UN ពេញសិទ្ធិដែរឬក៏យ៉ាងណា? លោកស្រីឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ដូច្នេះថា «យើងមិនជឿនោះទេថា ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ នឹងនាំយើងទៅកាន់គោលដៅមួយជាទីដែលយើង... អាចជំរុញដំណោះស្រាយរដ្ឋ២ ឱ្យឆ្ពោះទៅមុខ»។ លោកស្រីបន្ថែមថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថាទីក្រុងវ៉ាស៊ីនតោនគាំទ្រដំណោះស្រាយរដ្ឋ២ និងកំពុងធ្វើការផ្អែកលើស្ថានភាពជាក់ស្ដែង ដើម្បីសម្រេច គោលដៅក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា ខាងអាជ្ញាធរប៉ាឡេស្ទីនត្រូវបានរំពឹងថានឹងជំរុញឱ្យសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងដំណោះស្រាយមួយលើការផ្ដល់ អនុសាសន៍ទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិក UN ពេញសិទ្ធិ ក្នុងការបោះឆ្នោតមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក)។ ដើម្បីទទួលបានសមាជិក UN ពេញសិទ្ធិ ពាក្យស្នើសុំត្រូវឆ្លងកាត់ការអនុម័តពីក្រុមប្រឹក្សាសន្តិសុខ UN ជាទីដែលសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែលមានសិទ្ធិវេតូ ហើយក្រោយមកត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ យ៉ាងហោច ២ភាគ៣ នៃសមាជិក១៩៣នៃមហាសន្និបាត UN៕