(ហ្សេរូសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃអាទិត្យនេះថា អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះបទឈប់បាញ់ណាមួយ បន្ទាប់ពីសង្គ្រាមរយៈពេលប្រាំមួយខែ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាឡើយ លុះត្រាតែចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅហ្គាហ្សាទាំងអស់ ត្រូវបានដោះលែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។

ការអត្ថាធិប្បាយរបស់ លោក Netanyahu បែបនេះ ធ្វើឡើងនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ខណៈដែលកិច្ចចរចាបទឈប់បាញ់ថ្មីនៅក្នុងប្រទេសអេហ្ស៊ីប គ្រោងនឹងចាប់ផ្តើម។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាមានការបង្កើនសម្ពាធពីអន្តរជាតិក៏ដោយ អ៊ីស្រាអែលនឹងមិនចុះចាញ់នឹងការទាមទារ «ជ្រុលនិយម» នៃចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់)ដែលបានបង្កឱ្យមានសង្រ្គាមកាលពីថ្ងៃទី ០៧ ខែតុលា ជាមួយនឹងការវាយប្រហារដ៏សាហាវរបស់ពួកគេ ទៅលើភាគខាងត្បូងអ៊ីស្រាអែលនោះឡើយ៕