(វ៉ាស៊ីនតោន)៖ នៅពេលលោក John F. Kennedy បានជួបសមភាគីបារាំងរបស់លោកអំឡុងវិបត្តិបែរឡាំងក្នុងឆ្នាំ១៩៦១ អតីតប្រធានាធិបតីអាមេរិករូបនេះបានស្ថិតនៅលើចំណុចមួយ ដែលត្រូវតែ ធ្វើការធានាចំពោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ តែទន្ទឹមគ្នានឹងការទាមទាររបស់ទីក្រុងមូស្គូឱ្យ NATO ដកកងទ័ពចេញពីទីក្រុងបែរឡាំង អតីតប្រធានាធិបតីបារាំង លោក Charles de Gaulle បានធ្វើឱ្យគេគ្រប់គ្នាមានការសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីការពារអឺរ៉ុប ជាមួយការចោទសួរឡើងថាប្រសិនបើអតីតមេដឹកនាំសូវៀត លោក Nikita Khrushchev ដាក់ពង្រាយ កងទ័ពសូវៀតនៅពាសពេញទ្វីបអឺរ៉ុប​ តើសហរដ្ឋអាមេរិកពិតជានឹងលះបង់ទីក្រុងញូវយ៉ក នៅក្នុងសង្រ្គាមនុយក្លេអ៊ែរមួយដើម្បីការពារទីក្រុងប៉ារីស ដែរឬក៏យ៉ាងណា?

តាមកំណត់ហេតុនៃជំនួបនោះ លោក Kennedy បានឆ្លើយតបថា «ប្រសិនបើលោកឧត្តមសេនីយ៍ខ្លួនឯង (Charles de Gaulle) ដែលជាមនុស្សម្នាក់បានធ្វើការងារជាមួយសហរដ្ឋអាមេរិក ជាយូរមកហើយ ចោទសួរឡើងពីការឆន្ទៈអាមេរិក នោះលោក Khrushchev ក៏អាចសួរសំណួរនេះដូចគ្នាដែរ»។ តាមពិតទៅ ការចោទសួរឡើងនូវសំណួរថាតើមហាអំណាចនុយក្លេអ៊ែរមួយ នឹងលះបង់អាយុជីវិតប្រជាជនខ្លួនឯង ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួននៅចម្ងាយរាប់ពាន់យោជន៍ដែរឬទេ? គឺនៅតែជាស្នូលដ៏សំខាន់មួយនៃភូមិសាស្ត្រនយោបាយ ចាប់តាំងពីសហរដ្ឋអាមេរិក បានពង្រីកឆត្រនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងទៅកាន់តំបន់អឺរ៉ុប ក្នុងពេលដែលបក្សសម្ព័ន្ធយោធា NATO​ ចាប់កំណើតក្នុងឆ្នាំ១៩៤៩។ នៅពេលនោះមិនថាសង្ស័យចំពោះឆន្ទៈអាមេរិក កម្រិតណានោះទេ ក៏សូវៀតមិនដែលធ្វើតេស្ដលើឆន្ទៈនេះនោះដែរ។ ប៉ុន្តែបច្ចុប្បន្ន ខណៈអ៊ុយក្រែនកំពុងស្ថិតនៅក្នុងសង្រ្គាមបង្ហូរឈាមដ៏សាហាវបំផុតមិនធ្លាប់មានក្នុងតំបន់អឺរ៉ុប ក្នុងពេលជិត ៨ទសវត្សរ៍មកនេះ ហើយគួបផ្សំនឹងលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គំរាមម្ដងហើយម្ដងទៀតពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ សំណួរដែលលោក Charles de Gaulle ធ្លាប់បាន ចោទសួរ បានផ្ទុះឡើងជាថ្មី នៅក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិក និងសត្រូវរបស់សហរដ្ឋអាមេរិក។ នោះគឺថាតើប្រធានាធិបតីអាមេរិកម្នាក់ ជាពិសេសបើលោក ដូណាល់ ត្រាំជាប់ឆ្នោតជាថ្មី តើលោកមានឆន្ទៈប្រឡូកចូលក្នុងសង្រ្គាមនុយក្លេអ៊ែរ ដើម្បីការពារទីក្រុងហែលស៉ិនគី តាលិន ឬវ៉ាសូវីដែរទេ? ហើយបើមិនអាចវិញ តើមហាអំណាចនុយក្លេអ៊ែរអឺរ៉ុប២ គឺបារាំង និងចក្រភពអង់គ្លេស អាចកំញើញលោក ពូទីនបានដែរទេ?

តាមលោក Tomas Jermalavičius ជាប្រធានផ្នែកសិក្សាស្រាវជ្រាវមកពីមជ្ឈមណ្ឌលសម្រាប់វិស័យការពារជាតិ និងសន្តិសុខ (International Center for Defense and Security) មាន មូលដ្ឋានក្នុងទីក្រុងតាលិន នៃប្រទេសអេស្ដូនី សម្រាប់លោក ពូទីន អ្វីដែលជាបញ្ហាពិតប្រាកដ គឺប្រគូប្រជែងរបស់លោកក៏មានអាវុធនុយក្លេអ៊ែរដែរ និងភាពប្រាកដប្រជាក្នុងការប្រើប្រាស់នៅ ក្នុងកាលៈទេសៈណាមួយ។ បានន័យថាដរាបណា ឱកាសប្រើអាវុធនុយក្លេអ៊ែរមានត្រឹមតែ១ភាគរយក៏ដោយ ក៏ការកំញើញទប់ស្កាត់នៅតែដំណើរការ។ បារាំងមានក្បាលគ្រាប់នុយក្លេអ៊ែរ ២៩០គ្រាប់ រីឯចក្រភពអង់គ្លេសមានក្បាលគ្រាប់នុយក្លេអ៊ែរ ក្រោម២៦០គ្រាប់ ដែលចំនួននេះតិចជាងឆ្ងាយបើធៀបទៅនឹងសហរដ្ឋអាមេរិក និងរុស្ស៉ីដែលមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ រាប់ពាន់គ្រាប់។ តែទោះជាបែបនេះក្ដី លោក Bruno Tertrais ជានាយករងនៃមូលនិធិសម្រាប់ការស្រាវជ្រាវយុទ្ធសាស្ត្រ (Foundation for Strategic Research) ក្នុងទីក្រុងប៉ារីស យល់ថា «ចង់ឱ្យការកំញើញនុយក្លេអ៊ែររបស់អឺរ៉ុបខ្លាំងក្លា មិនមែនចាំបាច់ទាល់តែមានអាវុធនុយក្លេអ៊ែរច្រើនលើសលុបនោះទេ។ តែវាគឺអាស្រ័យលើឆន្ទៈនយោបាយ ជាជាងបច្ចេកទេស»។

កាលពីខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញសម្ព័ន្ធមិត្តអឺរ៉ុបទាំងអស់ឱ្យចូលរួម ក្នុងការធ្វើសមយុទ្ធកងកម្លាំងនុយក្លេអ៊ែរបារាំង និងពិភាក្សាគ្នាពីសមត្ថភាពកំញើញរបស់បារាំង អាចនឹងជួយពង្រឹងសន្តិសុខអឺរ៉ុបដោយរបៀបណា? ការអញ្ជើញនេះមិនត្រូវបានគេអើពើទេ ដោយក្នុងនោះអាល្លឺម៉ង់បានច្រានចោលគំនិតនេះ ភ្លាមៗ ហើយក្រោយលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតី វាបានធ្វើឱ្យមេដឹកនាំអឺរ៉ុបធូរទ្រូង និងសន្មត់ថាការគំរាមកំហែងដែល NATO​ ប្រឈមនៅក្រោមអណត្តិរដ្ឋបាលលោក ដូណាល់ ត្រាំ គ្រាន់តែជាព្យុះមួយដែលបានបក់បោក ទៅឆ្ងាយបាត់ទៅហើយ។

ប៉ុន្តែចង់ ឬមិនចង់ ភាពច្របូកច្របល់លាយឡំជាមួយការសង្ស័យបានផ្ទុះឡើងជាថ្មីម្ដងទៀត ក្រោយលោក ដូណាល់ ត្រាំ បាននិយាយថាប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី លោកនឹងលើកទឹកចិត្តឱ្យលោក ពូទីន ឬរុស្ស៉ីវាយប្រហារលើប្រទេសជាសមាជិក NATO ណាមួយដែលមិនបានចូលរួមបង់វិភាគទានគ្រប់គ្រាន់សម្រាប់ថ្លៃការពារ។ តាមក្រុមអ្នកវិភាគភាគច្រើន រួមមានទាំងលោក Sławomir Dębski ជានាយកវិទ្យាស្ថានប៉ូឡូញសម្រាប់កិច្ចការអន្តរជាតិ ក្នុងទីក្រុងវ៉ាសូវី សមត្ថភាពកំញើញនុយក្លេអ៊ែររបស់អឺរ៉ុបនៅជាសន្មតិកម្មនៅឡើយ ក្រោមហេតុ ២យ៉ាង គឺម្យ៉ាង មិនមានសមត្ថភាពគ្រប់គ្រាន់ និងទី២ គឺគ្មានឆន្ទៈនយោបាយ។ លោកបន្ថែមថា «ដូច្នេះពាក់ព័ន្ធនឹងការកំញើញនុយក្លេអ៊ែរ ការផ្លាស់ប្ដូរភ្លាមៗគឺមិនអាចទៅរួចឡើយ ហើយប្រសិនបើយើងបាត់បង់វាដោយសារតែការសម្រេចចិត្តណាមួយរបស់សហរដ្ឋអាមេរិក នោះនឹងត្រូវការពេលជាច្រើនឆ្នាំ ឬយ៉ាងហោចមួយទសវត្សរ៍ ដើម្បីព្យាយាមរកប្រព័ន្ធផ្សេងមកប៉ះប៉ូវ ប្រព័ន្ធអាមេរិក»។

ម្យ៉ាងវិញទៀត ក៏មិនមានសម្ព័ន្ធមិត្ត NATO ណាមួយមានបំណងធ្វើរឿងដែលអាចបំផ្លាញដល់ការចូលរួមចំណែកនៃឆត្រនុយក្លេអ៊ែរអាមេរិកនោះដែរ។ សហរដ្ឋអាមេរិកបានដាក់ពង្រាយ អាវុធនុយក្លេអ៊ែរក្នុងប្រទេសអាល្លឺម៉ង់ ហូឡង់ បែលហ្ស៉ិក អ៉ីតាលី និងតួកគី។ ចំណែកឯ ពីឡុតយន្ដហោះចម្បាំងមកពីប្រទេសទាំងនេះដែរមានសមត្ថភាពវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ នៅក្នុងករណីសហរដ្ឋអាមេរិកដែលជាអ្នកគ្រប់គ្រងបើកភ្លើងបៃតង។

គួរបញ្ជាក់ថា អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ បានព្រមានថាលោកនឹងលើកទឹកចិត្តឱ្យលោក ពូទីន ឬរុស្ស៉ីវាយប្រហារលើប្រទេសជាសមាជិក NATO ណាមួយដែលមិនបានចូលរួមបង់វិភាគទានគ្រប់គ្រាន់សម្រាប់ថ្លៃការពារ។ ក៏ប៉ុន្តែ លោក Liviu Horovitz ជាអ្នកជំនាញនុយក្លេអ៊ែរម្នាក់មកពីវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់កិច្ចការអន្តរជាតិ និងសន្តិសុខ (German Institute for International and Security Affairs) បាននិយាយថាមិនថាលោកត្រំានិយាយអ្វីក្នុងយុទ្ធនាការបោះឆ្នោត ដូចជាការឈប់ការពារសម្ព័ន្ធមិត្ត NATO ឬក៏ដកកងទ័ពអាមេរិកចេញពីអឺរ៉ុបនោះទេ ក៏វានឹងមិនអាចក្លាយជាការពិតឡើយ ដ្បិតការធ្វើបែបនេះគឺបំផ្លាញដល់អំណាចរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក។

ក្នុងឆ្នាំ១៩៦១ ការចោទសួរពីឆត្រនុយក្លេអ៊ែរអាមេរិក ក៏ធ្លាប់ត្រូវបានចោទសួរទៅលើបារាំង និងចក្រភពអង់គ្លេសផងដែរថាតើពួកគេនឹងលះបង់ទីក្រុងប៉ារីស ឬទីក្រុងឡុងដ៍ ដើម្បីប្រឈមមុខនឹងសូវៀតដែរឬទេ? បើតាមអតីតប្រមុខប្រតិបត្តិការនៃក្រសួងការពារជាតិអង់គ្លេស លោក Edward Stringer គេនឹងមិនអាចរកឃើញចម្លើយនៃសំណួរនេះឡើយ ពីព្រោះថាការកំញើញនុយក្លេអ៊ែរ គឺផ្សារភ្ជាប់ទៅនឹង «យុទ្ធសាស្ត្រប្រកាន់ជំហរមិនច្បាស់លាស់ដោយចេតនា ឬ Ambiguity»៕