(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃសុក្រនេះថា រូបលោកចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយ​កូរ៉េខាងត្បូងនិងហ្វីលីពីន ដើម្បីព្យាយាមលើកកម្ពស់សន្តិសុខ នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤។

លោក Kishida បានលើកឡើងដូច្នេះថា «ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ន គឺលំបាកនិងស្មុគស្មាញ ហើយពួកយើងកំពុងស្ថិតនៅលើចំណុច​ដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្រ្ត។ កិច្ចសហប្រតិបត្តិការរវាងជប៉ុននិងសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសផ្សេងទៀត ដែលមានផ្នត់គំនិត​ស្រដៀងគ្នា គឺជាបញ្ហាសំខាន់យ៉ាងខ្លាំង»។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងបែបនេះ នៅមុនកិច្ចប្រជុំកំពូលដែលគ្រោងប្រព្រឹត្តទៅ​នៅសប្តាហ៍ក្រោយ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ស្របពេលដែលសម្ព័ន្ធមិត្តទាំងពីរ ព្យាយាមរិះរកមធ្យោបាយដើម្បីទប់ទល់ ​ការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅតំបន់អាស៉ី និងទប់ស្កាត់កុំឱ្យទីក្រុងប៉េកាំងប្រើប្រាស់សកម្មភាពយោធា ដោះស្រាយបញ្ហាវិវាទ នៅក្នុងតំបន់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Kishida ទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដែលនឹងជាលើកដំបូងធ្វើឡើងដោយមេដឹកនាំជប៉ុន គិតក្នុងរយៈពេលប្រមាណ៩ឆ្នាំ គឺមានគោលដៅចម្បងស្តែងឱ្យឃើញ នូវចំណងទាក់ទងដ៏ជិតស្និទ្ធខាងផ្នែកសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ក្រោយជំនួបទ្វេភាគី ក៏នឹងមានជំនួបកំពូលត្រីភាគី ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ផងដែរ។ កាលពីឆ្នាំ២០២៣ ជំនួបត្រីភាគីរវាងលោក Kishida លោក បៃដិន និងប្រធានាធីបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅសហរដ្ឋអាមេរិក បានជួបទីក្រុងតូក្យូផ្សះផ្សាទំនាក់ទំនងឡើងវិញ ជាមួយទីក្រុងសេអ៊ូល និងពង្រឹងបន្ថែម​កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ៕