(ហុងកុង)៖ ហុងកុងគឺជាទឹកដីរបស់ប្រទេសចិន តាំងពីបុរាណកាលមក បន្ទាប់ពីសង្គ្រាមអាភៀននៅឆ្នាំ ១៨៤០ ហុងកុងត្រូវបានទន្ទ្រានកាន់កាប់ដោយអង់គ្លេស។ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨៤ រដ្ឋាភិបាលនៃប្រទេសទាំងពីរចិននិងអង់គ្លេស បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអំពីបញ្ហាហុងកុង ដែលបានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំឡើងវិញនូវអធិបតេយ្យជាតិចំពោះហុងកុង ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧តទៅ ។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩០ មហាសន្និបាតលើកទីបីនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ៧ បានអនុម័តនិងចេញផ្សាយ «ច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន»

ក្នុងរយៈពេល៣៤ឆ្នាំបន្ទាប់ពីច្បាប់មូលដ្ឋាន នៃតំបន់រដ្ឋបាលពិសេសហុងកុងបានដាក់ចេញមក ច្បាប់នេះបានចាក់គ្រឹះមូលដ្ឋាន ខាងសន្តិសុខ សម្រាប់ការអភិវឌ្ឍរបស់ហុងកុង ដែលបានបង្ហាញឱ្យឃើញ នូវកម្លាំងរស់រវើកនិងភាពស៊ាំយ៉ាងខ្លាំងក្លា ហើយបានផ្តល់ការធានាខាងផ្លូវច្បាប់ដល់ ការអនុវត្តគោលការណ៍ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” នៅតំបន់រដ្ឋបាលពិសេសហុងកុង ជាពិសេសគឺនាពេលថ្មីៗកន្លងទៅនេះ ហុងកុងបានសម្រេចបាន នូវតាក់តែងមាត្រាទី២៣ នៃច្បាប់មូលដ្ឋានហុងកុង ប្រការនេះជាសញ្ញាកាត់សម្គាល់ថា ហុងកុងទទួលបានការវិវឌ្ឍរីកចម្រើនដ៏ធំ និងសំខាន់ក្នុងការបំពេញភារកិច្ចធម្មនុញ្ញ ដើម្បីគាំពារសន្តិសុខប្រទេសជាតិ។ ការអនុម័តមាត្រាទី២៣ ដែលមានសារសំខាន់ជានិមិត្តសញ្ញាមួយនេះ មិនត្រឹមតែអាចផ្តល់ស្ថិរភាព និងការធានាដល់ហុងកុង និងគាំពារប្រព័ន្ធរបបនិងបែបបទរស់នៅរបស់ហុងកុងប៉ុណ្ណោះទេ ថែមទាំងក៏អាចជំរុញការរីកចម្រើន ខាងវិស័យហិរញ្ញវត្ថុហុងកុង ក៏ដូចជាផ្តល់បរិយាកាសប្រកបអាជីវកម្ម កាន់តែមានផលប្រយោជន៍និងកាន់តែ មានស្ថិរភាពដល់ហុងកុងទៀតផង។

សង្គមមានសុខសន្តិភាព សេដ្ឋកិច្ចមានភាពរុងរឿងជាគោលបំណងរបស់ប្រជាជន និយាយចំពោះសន្តិសុខ និងស្ថិរភាពយូរអង្វែង របស់ហុងកុង លោក Lee Ka Chiu John ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ធ្លាប់ថ្លែងថា មនុស្សគ្រប់រូប ដែលស្រឡាញ់ហុងកុង ដែលជាស្រុកកំណើតរួមរបស់យើង សុទ្ធតែត្រូវចងចាំថា ប្រទេសមានសន្តិភាព ស្រុកកំណើតទើបមាន សន្តិភាពដែរ។ យើងត្រូវគោរពនិងគាំពារដោយស្ម័គ្រចិត្ត នូវប្រព័ន្ធរបបមូលដ្ឋានរបស់ប្រទេសជាតិ អនុវត្តដោយត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវគោលណែនាំ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ” ត្រូវប្រុងប្រយ័ត្ននិងបង្ការកុំឱ្យអ្នកមានចេតនាអាក្រក់ និងកម្លាំងខាងក្រៅធ្វើការញុះញង់ និងបំបែកបំបាក់។

ការគាំពារសន្តិសុខប្រទេសជាតិ និងការគោរពនិងធានាសិទ្ធិមនុស្ស គឺស្របគ្នាពីឬសគល់។ បើគ្មានសន្តិសុខ នោះសិទ្ធិនិងផលប្រយោជន៍ស្រប់ច្បាប់ របស់ប្រជាពលរដ្ឋក៏មិនអាចធានាបានដែរ អ្នកផងទាំងពួងសុទ្ធតែបានមើលឃើញយ៉ាងច្បាស់ ពីភាពរកាំរកូសដែលកើតឡើងនៅហុងកុងកាលពីមុន អ្នកក្រុងហុងកុងជាច្រើនមាន ការចាប់អារម្មណ៍ដោយផ្ទាល់ពីភាពច្របូកច្របល់ ហើយដឹងច្បាស់ពីភាពបន្ទាន់ នៃការតាក់តែងមាត្រាទី២៣។ សូមបញ្ជាក់ថា ខឹ្លមសារនៃលក្ខន្តិកៈស្តីពីសន្តិសុខហុងកុង បានគោរពនិងធានាសិទ្ធិមនុស្ស ដោយគ្រប់ជ្រុងជ្រោយ ហើយក៏សមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ហុងកុងដែរ ពោលគឺបានផ្តោតសំខាន់ដោយចំគោលដៅ ចំពោះទង្វើដែលបំផ្លាញសន្តិសុខជាតិ និងផ្តន្ទាទោសពួកឧទ្ទាមចំនួនតិច ដែលបានបំផ្លាញដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ ព្រមពេលជាមួយគ្នានេះ ក៏បានគិតពិចារណាយ៉ាងពេញលេញដល់ ការគាំពារពាណិជ្ជកម្មនិងការប្រាស្រ័យទៅមកលើ ផ្ទៃអន្តរជាតិប្រកបដោយភាពប្រក្រតី របស់ហុងកុងលើវិស័យហិរញ្ញវត្ថុ ប្រព័ន្ធសារព័ត៌មាន ចំណេះដឹងឯកទេសនិងអង្គការស៊ីវិលមិនមានលក្ខណៈនយោបាយគ្រប់បែបយ៉ាង បានផ្តល់ការណែនាំ យ៉ាងច្បាស់លាស់ ដល់អង្គការនិងស្ថាប័នពាក់ព័ន្ធ ស្របពេលដែលគាំពារសន្តិសុខជាតិដោយមានប្រសិទ្ធភាព ក៏បានបង្កបង្កើតបរិយាកាសប្រកបអាជីវកម្ម និងការអភិវឌ្ឍដែលកាន់តែមានស្ថិរភាព ដល់ហុងកុងផងដែរ។

អាចនិយាយបានថា ច្បាប់សន្តិសុខជាតិហុងកុងបានចាក់គ្រឹះយ៉ាងរឹងមាំ សម្រាប់ស្ថិរភាពនិងវិបុលភាពរបស់ហុងកុង វិនិយោគិនអន្តរជាតិទាំងឡាយ បានសម្គាល់ឃើញជាទូទៅថា ការអភិវឌ្ឍរបស់សេដ្ឋកិច្ចចិនមាននិរន្តរភាព និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរ មិនមានការកែប្រែទេ ហើយតួនាទីរបស់ហុងកុង មិនអាចជំនួសបានឡើយ។ លោកស្រី Chen Jiaqi អគ្គនាយករដ្ឋបាល នៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់ហុងកុងបានថ្លែងថា ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ហុងកុងមានឧត្តមភាពច្បាស់លាស់ សេដ្ឋកិច្ចមានភាពធន់និងភាពរស់រវើកយ៉ាងខ្លាំង ហើយក៏មានកម្រិតបើកទូលាយខ្ពស់ដែរ ហុងកុងអាចទទួលបានការគាំទ្រយ៉ាងរឹងមាំពីទីផ្សារនៅចិនដីគោកផង ហើយក៏ជាការទ្រទ្រង់យ៉ាងខ្លាំង សម្រាប់ជំរុញការអភិវឌ្ឍនៃទីផ្សារនៅចិនដីគោកផងដែរ ក្នុងការពិពណ៌នាបែបថ្មីអំពីសេដ្ឋកិច្ចចិន ហុងកុងនឹងដើរតួនាទីដ៏សំខាន់។

ឆ្លងកាត់នូវព្យុះភ្លៀង ប្រជាជនហុងកុងកាន់តែឱ្យតម្លៃនិងថែរក្សាសុខសន្តិភាព ដែលបានមកដោយមិនងាយស្រួល ជាងពេលណាៗទាំងអស់។ បច្ចុប្បន្ននេះ ហុងកុងបាននិងកំពុងស្ថិតក្នុងដំណាក់កាលដ៏គន្លឹះដែលឆ្ពោះទៅកាន់ “ពីអធិការកិច្ចដល់មានវិបុលភាព” រួមដំណើរស្របជាមួយការអភិវឌ្ឍ ដោយល្បឿនលឿនរបស់តំបន់ចិនដីគោក ខិតខំប្រឹងប្រែងទៅមុខមិនឈប់ឈរ និងមានការរំពឹងទុកនៅថ្ងៃស្អែក ហុងកុងពិតជានឹងមានអនាគតកាន់តែល្អបវរជាមិនខាន!

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន