(ហែលស៉ិនគី)៖ រដ្ឋាភិបាលហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នឹងបន្តការបិទច្រកព្រំដែនដីគោក ជាមួយរុស្ស៉ីដោយមិនកំណត់ពេល ហើយបញ្ចូលកំពង់ផែមួយចំនួនទៅក្នុងបញ្ជី ដែលការធ្វើដំណើរមកពីប្រទេសជិតខាង នៅភាគខាងកើតមួយនេះ ត្រូវបានហាមឃាត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ ២០២៤។

ដំបូងឡើយការបិទព្រំដែន ត្រូវដល់ពេលកំណត់នៅថ្ងៃទី១៤ ខែមេសា។ រដ្ឋមន្រ្តីមហាផ្ទៃហ្វាំងឡង់ លោកស្រី Mari Rantanen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «អាជ្ញាធរហ្វាំងឡង់មើលឃើញថា នេះជាស្ថានភាពរយៈពេលវែង។ មានមនុស្សរាប់រយ ឬប្រហែលរាប់ពាន់នាក់ ស្ថិតនៅជិតព្រំដែនហ្វាំងឡង់ប៉ែកខាងក្នុងទឹកដីរុស្ស៉ី ដែលអាចត្រូវបានប្រើប្រាស់ ជាឧបករណ៍ប្រឆាំងនឹង ហ្វាំងឡង់»

រដ្ឋាភិបាលហ្វាំងឡង់ ក៏បានសម្រេចបិទកំពង់ផែចំនួន ៣សម្រាប់ការជិះទូកកម្សាន្តនៅលើកោះ Santio និង Haapasaari ក្នុងសមុទ្របាល់ទិក ក៏ដូចជាកោះ Nuijamaa ដែលស្ថិតនៅលើច្រាំង នៃបឹងមួយខណ្ឌចែកប្រទេសទាំងពីរផងដែរ ដើម្បីការពារការធ្វើចំណាកស្រុកនៅនិទាឃរដូវ។

គួរបញ្ជាក់ថា ហ្វាំងឡង់ បានបិទព្រំដែនគោករបស់ខ្លួនជាមួយរុស្ស៉ីកាលពីឆ្នាំមុន ចំពោះមុខការកើនឡើងនូវអ្នកដំណើរមកពីប្រទេសផ្សេងៗ រួមទាំងស៉ីរី និងសូម៉ាលី។ ហ្វាំងឡង់ចោទប្រកាន់រុស្ស៉ីថា ប្រើប្រាស់ការធ្វើចំណាកស្រុក ជាអាវុធប្រឆាំងនឹងប្រទេសរបស់ខ្លូន ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធ៕