(យូអិន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បារាំង បានលើកជាសំណើរកសេចក្តីព្រាងដំណោះស្រាយមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ (UN) ដែលមានតួនាទីតាមដានលើបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សា និងសំណើមួយផ្សេងទៀតដើម្បីជួយដល់ អាជ្ញាធរប៉ាឡេស្ទីនចាប់ផ្តើមភារកិច្ចរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ ២០២៤។

ដោយសារតែដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខ ត្រូវការសំលេងគាំទ្រចំនួន ៩ ក្នុងចំណោមសមាជិក ១៥រូប និងគ្មានការវេតូពីសំណាក់សមាជិកអចិន្រ្តៃយ៍ទាំង ៤ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រុស្ស៉ី និងចិន ឯកអគ្គរដ្ឋទូតបារាំងប្រចាំ UN លោក Nicolas de Riviere បានគូសបញ្ជាក់ថា «វាជាគម្រោងដ៏ធំ និងត្រូវការចំណាយពេល»។ នៅក្នុងសេចក្តីព្រាងដំណោះស្រាយ ដែល Reuters ទទួលបានក៏អំពាវនាវផងដែរឱ្យមានបទឈប់បាញ់ជាបន្ទាន់ រវាងអ៉ីស្រាអែល-ហាម៉ាសក្នុងតំបន់ហ្គាហ្សា និងទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់អ៉ីស្រាអ៊ែល គឺសហរដ្ឋអាមេរិក មិនបានប្រើសិទ្ធិវេតូនោះទេក្នុងបោះឆ្នោតកាលពីខែមុន ដើម្បីអនុញ្ញាតឱ្យក្រុមប្រឹក្សាទាមទារបទឈប់បាញ់ជាបន្ទាន់ សម្រាប់ខែតមអាហាររបស់ប្រជាជនកាន់សាសនាឥស្លាម ដែលនឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយ រួមទាំងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែវាមិនត្រូវបានអនុវត្តតាមដោយភាគីសង្រ្គាមនោះទេ៕