(អ៉ីស្លាម៉ាបាដ)៖ មេធាវីរបស់លោក Imran Khan បាននិយាយថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ តុលាការប៉ាគីស្ថាន បានផ្តល់សិទ្ធិដល់អតីតនាយករដ្ឋមន្ត្រីរូបនេះ ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសពីបទប្រព្រឹត្តអំពើពុករលួយ និងបានព្យួរទោសជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ ២០២៤។

ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ មុនការបោះឆ្នោតថ្ងៃទី៨ កុម្ភៈ របស់ប៉ាគីស្ថាន លោក Khan និងភរិយារបស់លោក គឺលោកស្រី Bushra Bibi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ក្រោមការចោទប្រកាន់ពីបទលក់អំណោយរដ្ឋខុសច្បាប់ ដោយតុលាការប្រឆាំងអំពើពុករលួយ។

បើតាមមេធាវីការពារក្តីរបស់លោក Khan តុលាការជាន់ខ្ពស់ទីក្រុងអ៉ីស្លាម៉ាបាដ បានឱ្យដឹងថា ការកាត់ទោសពីបទពុករលួយទៅលើប្តីប្រពន្ធមួយគូនេះ នឹងត្រូវព្យួររហូតដល់មានការសម្រេចចិត្តចុងក្រោយលើការកាត់ក្តី ដែលយកទឡ្ហីករណ៍ និងភស្តុតាង ជាចម្បងមកធ្វើជាញត្តិ នៅបន្ទាប់ពីពិធីបុណ្យ Eid។ ដោយបញ្ជាក់ពីមូលហេតុដែលតុលារការសម្រេចព្យួរទោស មេធាវីរួបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា «គ្មានភ័ស្តុតាងគាំទ្រដល់ការកាត់ទោសនេះទេ»។

គួរបញ្ជាក់ថា ទោះបីជាមានការព្យួរនេះក្តី លោក Khan ក៏នៅតែត្រូវជាប់ពន្ធនាគារលើការកាត់ទោសជាច្រើនផ្សេងទៀត ដូចជាករណីពាក់ព័ន្ធនឹងអតីតតារាកីឡា cricket មុនការបោះឆ្នោត ដែលជាបញ្ហាមួយធ្វើឲ្យលោកបាត់បង់សិទ្ធិ ក្នុងការកាន់តំណែងសាធារណៈរយៈពេល ១០ឆ្នាំ៕