(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃអង្គារ ទី២ ខែមេសានេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យមមួយគ្រាប់ ដែលជា ការធ្វើតេស្ដមីស៊ីលចុងក្រោយបំផុតមួយរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងឆ្នំានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមអគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង យោធារបស់ខ្លួនចាប់បានសញ្ញាបាញ់សាកល្បងមីស៊ីល នៅម៉ោង ៦៖៥៣នាទីព្រឹក ថ្ងៃអង្គារនេះ ដែលត្រូវបានសន​្មត់ថា ជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យម បាញ់ចេញពីទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់សមុទ្រខាងកើត។ អគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបន្ថែមទៀតថា ទីក្រុងសេអ៊ូលបានបង្កើនការតាមដាន និងកំពុងចែករំលែកព័ត៌មានពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន។

ព្រមពេលជាមួយគ្នា ទីក្រុងតូក្យូក៏បានទទួលស្គាល់ដែរថាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលមួយគ្រាប់ ដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថា មីស៊ីលកូរ៉េខាងជើងបានធ្លាក់នៅក្នុងដែនទឹកស្ថិតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ ចំណែក នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់ អ្នកសារព័ត៌មានថាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគម្ដងហើយម្ដងទៀតក្នុងឆ្នាំនេះ ដែលនេះជាការគំរាមកំហែងដល់សន្តិសុខតំបន់ និងមិនអាច ទទួលយកបានដាច់ខាត។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលនៅថ្ងៃអង្គារនេះ គឺជាការធ្វើតេស្ដមីស៊ីលបាលិស្ទីគលើកទី៣របស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២៤ បន្ទាប់ពីការបាញ់សាកល្បងកាលពីខែមីនា និងខែមករាកន្លងទៅ។ ម្យ៉ាងទៀត ការធ្វើតេស្ដមីស៊ីលនេះទៀតសោត កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានបោះឆ្នោតវេតូនៅអង្គការសហប្រជាជាតិដើម្បី បិទបញ្ចប់ការតាមដានរបស់ក្រុមអ្នកជំនាញ UN លើការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង៕