(ប៉េកាំង)៖ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subianto ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះ សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ តិចជាងពីរខែបន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតី ដើម្បីដឹកនាំប្រទេសដែលសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

លោក Prabowo កំពុងបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់លោក Xi Jinping ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីជាអ្នកនយោបាយជើងចាស់អាយុ ៧២ ឆ្នាំរូបនេះ នឹងមិនស្បថចូលកាន់តំណែងជាមេដឹកនាំបន្ទាប់ នៃប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ រហូតដល់ខែតុលាក៏ដោយ។

ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេដែល លោក Prabowo បានធ្វើទស្សនកិច្ចក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត មុនប្រទេសជិតខាងរបស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់ និងបានគូសបញ្ជាក់អំពីភាពជាដៃគូជិតស្និទ្ធ ដែលបានបង្កើតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ក្រោមការដឹកនាំរបស់លោក Joko Widodo ។

ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ី ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជាមួយនឹងធនធានធម្មជាតិដូចជាធ្យូងថ្ម និងរ៉ែនីកែល ដែលបានជួយផ្តល់ថាមពលដល់ប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក (គឺចិន)។

ប្រទេសចិនក៏បានវិនិយោគរាប់ពាន់លាននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមទាំងខ្សែរថភ្លើងល្បឿនលឿនរវាងទីក្រុងហ្សាកាតា និងទីក្រុង Bandung ផងដែរ៕